(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មចំពោះលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលមិនទាន់ឆ្លើយតបទៅកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយស្ថាប័នមួយនេះ បានស្នើទៅលោកស្រីឲ្យបង្កើតស្នាក់នៅក្នុង គ.ជ.ប ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតនៅកម្ពុជា។
ការប្រតិកម្មនេះត្រូវរំលេចឡើងតាមរយៈសារអត្ថបទដែលលោក សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងករណីមិនមានចម្លើយជាវិជ្ជមាន ពីគណៈកម្មធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ តាមសំណើរបស់ គ.ជ.ប ទេ នោះ បង្ហាញឲ្យឃើញថា គណៈកម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ មិនព្រមសហការ និងមិនចង់ឲ្យមានការវាយតម្លៃការបោះឆ្នោតនៅកម្ពុជា ស្របតាមការពិតជាក់ស្តែងទេ»។
ការប្រតិកម្មនេះ ត្រូវបានលើកឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានស្នើសុំលោកស្រី រ៉ូណា ស្មីត សូមដាក់អ្នកសង្កេតការណ៍ ឬបង្កើតស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅក្នុងទីស្នាក់ការរបស់ គ.ជ.ប ផ្ទាល់តែម្ដង ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។ ការស្នើសុំនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួប រវាងលោកស្រី រ៉ូណា ស្មីត ជាមួយលោកប្រធាន ស៊ិក ប៊ុនហុក។ ប៉ុន្តែលោកស្រី រ៉ូណា ស្មីត មិនទាន់ឆ្លើយតបសំណូមពររបស់ គ.ជ.ប នៅឡើយទេ ទើបបង្កឲ្យមានការប្រតិកម្មពីសំណាក់អ្នកនាំពាក្យ គណបក្សប្រជាជនយ៉ាងដូច្នេះតែម្ដង។
ក្នុងសារអត្ថបទដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៤ ខែមីន ឆ្នាំ២០១៨នេះ លោក សុខ ឥសាន បានលើកឡើងថា «គួរតែមានចម្លើយជាវិជ្ជមាន? ដើម្បីឲ្យកាន់តែមានតម្លាភាព និងមានភាពប្រាកដប្រជា ក្នុងការវាយតម្លៃឲ្យប្រកបដោយសត្យានុម័ត។ គ.ជ.ប បានអញ្ជើញតំណាងសិទ្ធិមនុស្សនៃ អ.ស.ប ចាត់តាំងតំណាងធ្វើជាអ្នកសង្កេតការណ៍នៅអមទីស្តីការ គ.ជ.ប តែម្តង ដើម្បីឲ្យអស់ការសង្ស័យដល់សាធារណមតិជាតិ-អន្តរជាតិ»។
អ្នកនាំពាក្យបក្សកាន់អំណាច បានបន្តថា ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ត្រូវបានវាយតម្លៃថា ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងប្រជាធិបតេយ្យ គួរណាស់លោកស្រី រ៉ូណា ស្មីត មេត្តាឆ្លើយតបជាវិជ្ជមានចំពោះការអញ្ជើញរបស់ គ.ជ.ប ព្រោះការអញ្ជើញរបស់ គ.ជ.ប បង្ហាញយ៉ាងច្បាស់នូវគោលជំហរប្រកបដោយការទទួលខុសត្រូវ និងក្លាហាន ដែលមានបំណងចង់ឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ស្របតាមបំណងប្រថ្នារបស់ប្រជាជនកម្ពុជា និងសាធារណមតិជាតិ និងអន្តរជាតិផងដែរ។
បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នារសៀលនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពីសំណាក់លោកស្រី រ៉ូណា ស្មីត ដែលជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅឡើយទេ៕