(ភ្នំពេញ)៖ ថ្លែងប្រាប់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ក្រោយតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិរួចមកនោះ សភាពការណ៍នៅកម្ពុជា មានភាពស្ងប់ស្ងាត់ល្អ ដែលនេះបង្ហាញយ៉ាងច្បាស់ ពីការយល់ឃើញប្រជាជនកម្ពុជាថា ពួកគាត់គ្មានបំណងប្រាថ្នាចង់ផ្លាស់ប្តូរ របបដឹកនាំតាមរយៈការធ្វើបដិវត្តន៍ពណ៌ឡើយ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ប្រាក់ សុខុន ធ្វើឡើងក្នុងឱកាសដែលលោកអនុញ្ញាតឲ្យ លោកស្រី រ៉ូណា ស្មីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងទីស្ដីការក្រសួងការបរទេស។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា «ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រីក៏បានលើកឡើងអំពី សភាពការណ៍នៅកម្ពុជា បន្ទាប់ពីមានការសម្រេច របស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្គ្រោះជាតិឃើញថា មានភាពស្ងប់ស្ងាត់ល្អ ហើយសភាពស្ងប់ស្ងាត់ល្អ គឺបង្ហាញឲ្យឃើញច្បាស់ ថាប្រជាជន គឺចាប់អារម្មណ៍ខ្លាំង ទៅលើបញ្ហាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ហើយបង្ហាញថា ប្រជាជនពុំមានបំណងប្រាថ្នា ចង់ឲ្យមានការផ្លាស់ប្ដូរ របបតាមរយៈកាលធ្វើបដិវត្ដន៍ពណ៌នោះទេ»។
ជាមួយគ្នានេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា សម្ដែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៅ ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើន ខាងផ្នែកសេដ្ឋកិច្ច ក្នុងរយៈកាលកន្លងមកនេះ។ នេះបើតាមការបញ្ជាក់របស់ លោក សុន្ទរី។
លោកស្រីបានគូសបញ្ជាក់ពីការទទួលស្គាល់ របស់លោកស្រី អំពីសារៈសំខាន់នៅឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា និងសារៈសំខាន់ នៃសន្ដិភាព និងស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីបានបញ្ជាក់អំពី សារៈសំខាន់ នៃសិទ្ធិមនុស្សក្នុងការអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ច និងសង្គម នៅកម្ពុជាផងដែរ។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ចាត់ទុកថាជាឱកាសមួយ ដែលធ្វើឲ្យភាគីទាំងពីរ អាចបង្កើននូវការយល់ដឹង ពីគ្នាទៅវិញទៅមកបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ ទៅលើបញ្ហាការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ ហើយការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ វាជាកត្ដាចំបង និងជាកត្ដាសំខាន់បំផុត ក្នុងការធានានូវសិទ្ធិសេរីភាព របស់ប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្ដ្រីបានបន្ថែមទៀតថា ដោយវាចាប់ផ្ដើមដំបូងឡើង ដោយសិទ្ធិសេរីភាព ខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវាឈាមដល់ ផ្នែកការអភិវឌ្ឍន៍ផ្សេងៗទៀតនៃសិទ្ធិមនុស្ស។ លោកបានលើកឡើងថា សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍនេះ គឺជាលក្ខខណ្ឌចាំបាច់ដំបូងបំផុតនៅកម្ពុជា ដើម្បីធានាឲ្យមានការរីកចម្រើន នៅលើផ្នែកសិទ្ធិផ្សេងៗទៀតពិសេសគឺ សិទ្ធិនយោបាយ។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មានការទទួលខុសត្រូវ ក្នុងការថែរក្សា ឲ្យបាននូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍនូវប្រទេសកម្ពុជា។ លោកថា នេះជាប្រការដែលកម្ពុជា មិនអាចទទួលបាន នូវសកម្មភាពណា ឬក៏ការថ្លែងណាមួយ ដែលមានលក្ខណៈ ជាការបំពានទៅដល់ឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា។ លោកសូមឲ្យមានការប្រុងប្រយ័ត្ន និងគោរពចំពោះឯករាជ្យ និងអធិបតេយ្យភាព របស់ស្ថាប័ននីតិបញ្ញាត្ដិរបស់កម្ពុជា។
ជាមួយគ្នានោះ ប្រមុខការទូតកម្ពុជារូបនេះ ក៏បានលើកឡើងអំពីក្នុងការខិតខំ នាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការរៀបចំការបោះឆ្នោត ក្នុងពេលខាងមុខឲ្យប្រព្រឹត្ដទៅដោយ មានរបៀបរបបដោយសេរី យុត្ដិធម៌ និងតម្លាភាព ជម្រាបជូនលោកស្រី រ៉ូណា ស្មីត ផងដែរ៕