(កំពង់ចាម)៖ នៅព្រឹកថ្ងៃអង្គារនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សៀវភៅអប់រំរបស់ «ក្រមង៉ុយ» និងបណ្ឌិត «អ៊ូ ចុង» ចំនួន ២៥០០ក្បាល ពីកម្ពុជា នឹងដឹកចេញជូនផ្ញើទៅកាន់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងប្រទេសញូហ្សេឡែន នៅថ្ងៃស្អែកនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវខ្ញុំនឹងដឹកសៀវភៅនេះជូនពលរដ្ឋខ្មែរ ដែលរស់នៅឯប្រទេសអូស្ត្រាលី និងញូហ្សេឡែន ចំនួន២៥០០ច្បាប់ ដឹកចេញទៅថ្ងៃស្អែកនេះ»។
ពាក់ព័ន្ធនឹងការផ្តល់សៀវភៅគតិបណ្ឌិតទាំងពីរក្បាលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា សៀវភៅដែលចែកជូនលោកគ្រូអ្នកគ្រូនៅកម្ពុជា ខុសក្របខាងក្រៅដោយប្រើពាក្យ អរគុណលោកគ្រូ អ្នកគ្រូ រីឯក្របសៀវភៅដែលយកទៅចែកជូនពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី និងញូហ្សេឡែន គឺនិយាយចំពោះបងប្អូនខ្មែរនៅទីនោះ អីចឹងទេសូមទទួលសៀវនេះ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនមើលលេង មិនមែនគ្រាន់តែខ្លួននោះទេ គឺព្រមទាំងក្រុមគ្រួសារក៏ត្រូវអនុញ្ញាតឲ្យមើលផងដែរ។
ដោយឡែកក្នុងឱកាសនោះលោកគ្រូ អ្នកគ្រូ នៅក្នុងស្រុកកំពង់សៀម ចំនួន១០៥២នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅអប់រំរបស់ «ក្រមង៉ុយ» និងបណ្ឌិត «អ៊ូ ចុង» ចំនួនពីរក្បាល ការផ្តល់សៀវភៅនេះ គឺចង់ឲ្យលោកគ្រូ អ្នគ្រូទាំងអស់នៅក្នុងប្រទេសកម្ពុជា ចេះនូវច្បាប់របស់ក្រមង៉ុយ ចេះនូវច្បាប់ការអប់រំទូន្មានរបស់បណ្ឌិត អ៊ូ ចុង ដូច្នេះហើយបានជាខ្ញុំបោះសៀវភៅទាំងពីរក្បាលនេះចំនួន១១ម៉ឺនច្បាប់។
សូមបញ្ជាក់ថា ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់ លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី៕