(កំពង់ធំ)៖ បុរសម្នាក់ត្រូវបានកម្មករធ្វើការជាមួយគ្នា លបកាប់បណ្តាលឲ្យស្លាប់មួយរំពេច នៅយប់រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ តែជនដៃដល់ត្រូវបានកម្មករផ្សេងទៀត និងនគរបាលតាមចាប់បានពេលកំពុងរត់គេចខ្លួន។
ជនរងគ្រោះឈ្មោះ យាត សុផល អាយុ២៣ឆ្នាំ មានទីលំនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម រីឯជនសង្ស័យដែលជាដៃដល់ឈ្មោះ ចៀន សុខចាន់ (ហៅចាន់រះ) អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។ អ្នកទាំងពីរបានមកស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិកំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មកធ្វើការជាកម្មករ (រោងពុម្ភ)។
មុនពេលកើតហេតុនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ អ្នកទាំង២ បានដេកស្នាក់នៅជាមួយកម្មករ៨នាក់ទៀត។ នៅពេលក្រោកពីដេកម៉ោងប្រហែល៥ព្រឹក ជនរងគ្រោះ បានក្រោកពីដេក ក៏ដើរជាន់ដៃជនដៃដល់ ហើយបានប្រកែកគ្នា មួយសន្ទុះក៏ចប់ទៅ។
ក្រោយមក ជនដែលស្លាប់ និងកម្មករ៨នាក់ទៀត បាននាំគ្នាទៅធ្វើការ នៅរោងពុម្ភផ្សារកំពង់ធំ ឯចំណែកជនដៃដល់ ពុំទៅធ្វើការទេ។ លុះពេលល្ងាចកម្មករទាំងអស់ បានមកផ្ទះចំណែកជនដៃដល់ ក៏នៅផ្ទះដែរ ពុំទៅណាទេ ហើយក៏បានដេកក្នុងមុងជាមួយគ្នាដូចសព្វមួយដង។ ពេលកំពុងតែដេកលក់ទាំងអស់គ្នា ជនដៃដល់បានយកកាំបិត(កាកុក) កាប់ទៅលើជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ពេលនោះជនដៃដល់ក៏រត់ចេញពីផ្ទះ ក៏ត្រូវកម្មករទាំងអស់ ដេញតាមចាប់រហូត មកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ដាត់ដំរីជាន់ខ្លា ហើយត្រូវបានកំលាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
ក្រោយពីធ្វើកោសលវិច្ច័យរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋានរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕