(ភ្នំពេញ)៖ បន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារឃុបឃិតជាមួយបរទេស មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានវាយតម្លៃថា ការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ ប្រជាជនខ្មែរនឹងបានទទួល ជោគជ័យ ព្រោះបានបំផ្លាញទាន់ពេលវេលា នូវចលនាដិវត្តន៍ពណ៌ ដែលបានកើតឡើងពីអតីតមេបក្សប្រឆាំង។
នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញ ក្នុងពិធីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងការទទួលខុសត្រូវ របស់អ្នកនាំពាក្យដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើប្រាស់ក្នុងការនាំសាររបស់អង្គភាព ទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឲ្យបានល្អ និងត្រឹមត្រូវនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ។
នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត សកលជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត សកល ឆ្នាំ២០១៨ ប្រជាពលរដ្ឋយើង បានទទួលជោគជ័យ ដ៏ធំធេងបំផ្លាញទាន់ពេលវេលា នូវចលនាបដិវត្តន៍ពណ៌ ដែលរៀបចំដោយបទេស មានបំណងជ្រៀតជ្រែក តាមរយៈដៃជើងក្នុងប្រទេស»។
អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន១១៨រូប ត្រូវគេហាមឃាត់មិន ឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ខណៈលោក កឹម សុខា ក៏កំពុងជាប់ឃុំខ្លួន នៅក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
ក្នុងសិក្ខាសាលា តួនាទី និងភារកិច្ចអ្នកនាំពាក្យកងយោធពលខេមភូមិន្ទនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោក នាង ផាត បានឲ្យដឹងថា ប្រជាជនខ្មែរបានអនុវត្ត តួនាទីដោយជោគជ័យ នូវការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាពេលកន្លងមក ដោយគណបក្សប្រជាជនកម្ពុជាទទូលបាន៥៨ អាសនៈ ឈ្នះដាច់បក្សដទៃទៀត។
នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត អំពើអាក្រក់ក្បត់ជាតិ មិនអាចលាក់បាំងបានឡើយ ហើយលោក កឹម សុខា បានសារភាពអំពីឧបាយកល ឃុបឃិតជាមួយបរទេស មានបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆើមរបស់កម្ពុជា ដែលបានកំចាត់ចោលទាន់ពេលវេលានាំឲ្យប្រទេសជាតិគេចផុតអំពីគ្រោះ មហន្ដរាយដែលមិនអាចស្មានបាន។
នាយឧត្តមសេនីយ៍ នាង ផាត បានអះអាងថា ទោះបីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ប៉ុន្ដែអតីតបក្សនេះ មិនបោះបង់ចោល ឧបាយកលបំផ្លាញជាតិ តាមរយៈការឃោសនាញុះញង់ ភូតកហុក បោកប្រាស់ ប្រឌិតរឿងមិនពិត ក្នុងគោលបំណងបំផ្លាញប្រជាប្រិយ បន្ថយជំនឿប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមរបបប្រជាធិបតេយ្យ៕