(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋឡាវ ក្នុងខេត្តចម្ប៉ាសាក់ បានមកទទួលសេវាពិនិត្យព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្នុងខេត្តព្រះវិហារ មានចំនួនប្រមាណ៤៥០នាក់។
ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោករួមជាមួយលោកប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃមុននេះ ក្នុងឱកាសដែលលោកដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត ទៅខេត្តចម្ប៉ាសាក់ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ លោកបានជួបពិភាក្សាការងារជាមួយអភិបាលខេត្តចម្ប៉ាសាក់។ ក្នុងឱកាសនោះ លោកបានជម្រាបជូនលោកអភិបាលខេត្តចម្ប៉ាសាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋឡាវ ខេត្តចម្ប៉ាសាក់ បានមកទទួលការពិត្យព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌុលសុខភាពនានាក្នុងខេត្តព្រះវិហារប្រមាណ៤៥០នាក់។
លោកបញ្ជាក់ថា «ការដែលប្រជាពលរដ្ឋឡាវ មកទទួលការពិនិត្យព្យាបាលជម្ងឺ នៅមន្ទីរពេទ្យខ្មែរយើង ក៏ព្រោះតែគេមានភាពជឿជាក់លើការផ្តល់សេវា និងគុណភាពព្យាបាលរបស់ក្រុមគ្រូពេទ្យខ្មែរយើង ពិសេសក្រុមគ្រូពេទ្យនៅខេត្តព្រះវិហារយើងតែម្តង»។ ករណីនេះលោកអភិបាលខេត្ត ក៏បានធ្វើការជម្រុញឲ្យក្រុមគ្រូពេទ្យយើងត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត លើអកប្បកិរិយា ពាក្យសំដី ចំពោះអ្នកជម្ងឺ។ យើងត្រូវធ្វើយ៉ាងណា ផ្តល់ភាពកក់ក្តៅដល់អ្នកជម្ងឺដែលមកទទួលការព្យាបាលពីយើង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋលោកមានភាពជឿជាក់ មកលើសេវាសុខាភិបាល ដែលម្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាជាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យនេះ ជាវិសយ័អាទិភាព។
ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបង្ហាញថា មន្ទីរសុខាភិបាលខេត្ត មានមន្ត្រីក្របខ័ណ្ឌសុខាភិបាលសរុប៤៩៤នាក់ ក្នុងនោះមានស្ត្រីចំនួន២០១នាក់ បុគ្គលិកកិច្ចសន្យាចំនួន១៧នាក់ ស្រ្តី៨នាក់ផងដែរ។
លោកបន្តទៀតថា ខេត្តព្រះវិហារ មានមន្ទីរពេទ្យបង្អែកមួយឈ្មោះថា មន្ទីរពេទ្យបង្អែក១៦មក ដែលកំពុងផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កំរិត៣ និងស្រុកប្រតិបត្តិមួយ ដែលមានឈ្មោះថា ស្រុកប្រតិបត្តិត្បែងមានជ័យ ដែលមានមណ្ឌុលសុខភាព២៨ និងប៉ុស្តិ៍សុខភាពចំនួន១៧ ដែលកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ពិសេសនៅតាមតំបន់ដាច់ស្រយ៉ាល និងតាមព្រំដែន៕