(ភ្នំពេញ)៖ ក្រោយកើតមានបញ្ហាច្រុំដែលៗ ពាក់ព័ន្ធនឹងករណីថៅកែរោងចក្ររត់ចោលកម្មករ មិនបើកប្រាក់ឈ្នួលជាបន្តបន្ទាប់រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំនីតិវិធីថ្មីទៀត ដែលតម្រូវរោងចងក្រទាំងអស់នៅកម្ពុជា ត្រូវតម្កល់ប្រាក់វិភាគទានក្នុងចំនួនណាមួយ ដើម្បីទុកសម្រាប់ដោះស្រាយហានិភ័យជាយថាហេតុ ដូចជាករណីថៅកែរត់ចោលកម្មករនេះជាដើម។ នេះបើយោងតាមលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅការងារឆ្នាំ២០១៨ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «សម្រាប់ករណីរោងចក្របិទទ្វារដោយថៅកែរត់ចោល រដ្ឋាភិបាលចាត់ទុកថា ជាហានិភ័យមួយ ហើយចាប់ពីពេលហ្នឹងទៅ ក្រសួងការងារ នឹងចាត់វិធានការទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកំណត់។ ឥឡូវនេះ យើងកំពុងបង្កើតឲ្យមានរបបសន្តិសុខសង្គមផ្នែកនិកម្មភាព ដែលនិកម្មភាពហ្នឹង គឺសម្រាប់ឲ្យសហគ្រាសទាំងអស់ មានកាតព្វកិច្ចត្រូវបង់នូវប្រាក់វិភាគទានរបស់ខ្លួន ចូលបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទប់ស្កាត់ហានិភ័យជាយថាហេតុណាមួយដែលកើតឡើង គឺ ប.ស.ស នឹងមានលទ្ធភាពទូទាត់»។
លោករដ្ឋមន្ត្រីបានពន្យល់ថា ថៅកែរោងចក្រមិនត្រូវអាងតែរាជរដ្ឋាភិបាលទូទាត់ប្រាក់ឈ្នួលជូនកម្មករជំនួសខ្លួន ហើយនាំគ្នារត់គេចមិនបើកប្រាក់ឈ្នួលជូនកម្មករនោះទេ ពោលរាល់អ្នកដែលបានរត់ចោលរោងចក្រហើយនោះ រាជរដ្ឋាភិបាលកម្ពុជាមានវិធានការយ៉ាងហ្មត់ចត់ ក្នុងការឲ្យថៅកែទាំងនោះអនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យចប់សព្វគ្រប់ និងត្រឹមត្រូវបំផុត។
លោកបន្តថា ក្រៅពីវិធានការទាំងនេះ រាជរដ្ឋាភិបាលក៏បានចេញប្រកាសមួយហើយដែរ ដែលតម្រូវឲ្យរោងចក្រទាំងអស់បើកប្រាក់អតីតភាពរបស់កម្មករ រៀលរាល់៣ខែម្ដង ឬ១ខែម្ដង ដើម្បីកុំឲ្យថៅកែរោងចក្រជំពាក់កម្មករច្រើនពេក ដោយលោកបានថ្លែងថា «ឥលូវកំពុងរៀបចំប្រកាសស្ដីពីនីតិវិធីទូទាត់ជាបណ្ដើរៗ មានរោងចក្រមួយចំនួនបានអនុវត្តហើយ ៣ខែទូទាត់ម្ដង ឬ១ខែទូទាត់ម្ដង ហ្ចឹងរោងចក្រមិនជំពាក់វប្រាក់អតីតភាពកម្មករច្រើនពេកទេ»។
ប្រមុខក្រសួងការងារបានអះអាងថា គ្រប់វិធានការទាំងអស់ដែលរាជរដ្ឋាភិបាលរៀបចំឡើង គឺដើម្បីសុវត្ថិភាពការងារដល់កម្មករនិយោជិតទាំងឡាយ សំដៅធានាកុំឲ្យមានការព្រួយបារម្ភ ចំពោះបញ្ហាថៅកែបិទទ្វាររត់ចោល ឬមួយក៏មានអ្នកទៅញុះញង់ឲ្យថៅកែរត់ចោលទៅ គង់តែរដ្ឋាភិបាលដោះស្រាយ ព្រោះឥលូវនេះឲ្យតែមានករណីថៅកែរត់ចោលកម្មករ អ្នកដែលរត់នោះគឺមិនរួចខ្លួនឡើយ រាជរដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់ ទាមទារឲ្យពួកថៅកែទាំងនោះអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនឲ្យទាល់តែបាន៕