(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនាខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជាពិភាក្សាកិច្ចការព្រំដែនជាមួយប្រទេសថៃ។
នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញក្នុងពិធីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងការទទួលខុសត្រូវ របស់អ្នកនាំពាក្យដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើប្រាស់ក្នុងការនាំសាររបស់អង្គភាព ទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឲ្យបានល្អ និងត្រឹមត្រូវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗ រួមមាន៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ, លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី, លោកសាស្រ្តាចារ្យបណ្ឌិត រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង និងលោក ឯក ថា អ្នកសារព័ត៌មានជើងចាស់ជាដើម។
នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានថ្លែងយ៉ាងដូច្នេះថា «ជាមួយប្រទេសថៃ ក៏យើងនៅមានបញ្ហាដែលនៅថ្ងៃទី១៩ ខែមីនា ក្រុមលេខានឹងទៅប្រជុំកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣ ហើយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំប្រតិភូទៅប្រជុំជាមួយលោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិថៃ អំពីបញ្ហាទូទៅទាក់រឿងព្រំដែនប្រទេសទាំងពីរ»។
នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានបន្តថា ការអញ្ជើញដឹកនាំប្រតិភូរបស់ប្រមុខការពារកម្ពុជា គឺដើម្បីពិភាក្សាពីពាក់ព័ន្ធបញ្ហាលើរឿងព្រំដែន រវាងប្រទេសទាំងពីរ អ្វីទាំងនេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំកម្ពុជា ទៅលើកិច្ចការពារបូរណភាពដែនដីជាមួយប្រទេសជិតខាងផងដែរ។
ប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជារូបនេះ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសជិតអ្នកនាំពាក្យត្រូវតែយល់ពីអ្វី ដែលបានកើតឡើងហើយដូចជាបញ្ហាព្រំដែនកម្ពុជា-ឡាវ យើងបានចរចាជាច្រើនមកហើយដោយចុះទៅមើលចំណុចជាក់ស្តែងថាត្រូវគ្នា ប៉ុន្តែធ្វើឯកសារលែងត្រូវទាំងនេះអ្នកនាំពាក្យត្រូវចាប់អារម្មណ៍លើបញ្ហានេះឲ្យបានច្បាស់លាស់ជាមុនសិន៕