(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សឿន មុនីរ័ត្ន បានកោះហៅ និងបានសាកសួរទៅលើមនុស្សប្រុសស្រីចំនួន០៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាល មន្រ្តីយោធា និងមន្រ្តីក្រសួងពាណិជ្ជកម្មផងនោះ ពាក់ព័ន្ធសំណុំរឿងឆបោក និងចេញសែកគ្មានសាច់ប្រាក់ជិត៤ម៉ឺនដុល្លារ។
សម្រាប់ការសាកសួរ និងជួយសម្របសម្រួលខាងលើនេះ មិនទាន់ទទួលបានលទ្ធផលនោះទេ ពោលខាងម្ចាស់ដើមបណ្តឹង មិនព្រមទទួលយកសំណងចំនួន២ម៉ឺនដុល្លារ ដែលខាងភាគីចុងចោទ យល់ព្រមសងឡើយ ដូច្នេះព្រះរាជអាជ្ញា មានតែបន្តនីតីទៅតាមច្បាប់។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ជួន សុជាតិ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅល្ងាចម្សិលមិញលោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសាកសួរជនសង្ស័យចំនួន០៥នាក់រួមមាន៖
-ទី១៖ ឈ្មោះ សេង សុទ្ធី ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាល
-ទី២៖ ឈ្មោះ អេង សុខនារី ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរមន្ត្រីក្រសួងពាណិជ្ជកម្ម
-ទី៣៖ ឈ្មោះ សេង ឬទ្ធិសក្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមន្ត្រីយោធា ដែលអ្នកទាំង៣ រស់នៅផ្ទះលេខ៥៣E0E1E2 ផ្លូវ១៣ ក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
-ទី៤៖ ឈ្មោះ យស រតនា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅផ្ទះលេខ៤០E0 ផ្លូវ២៤២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ទី៥៖ ឈ្មោះ មាស បញ្ញាបណ្ឌិត ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅផ្ទះលេខ១៨ ផ្លូវលំ ក្រុម៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើលោកព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ពីបទអ្វីនៅឡើយនោះទេ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះផងដែរថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្រុមជនសង្ស័យ បានចូលខ្លួនមកចរចា ជាមួយដើមបណ្តឹង សុំសងប្រាក់ចំនួន២ម៉ឺនដុល្លារ ប៉ុន្តែដើមបណ្តឹងមិនព្រមទទួលយក ដោយទាមទារប្រាក់ចំនួន២៥០០០ដុល្លារ តាមការសន្យារបស់ក្រុមជនសង្ស័យកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។
តំណាងអយ្យការរូបនេះ បញ្ជាក់ថា រឿងនេះផ្តើមចេញពីកិច្ចសន្យាខ្ចីប្រាក់ចំនួន១៧០០០ដុល្លារ ដោយសារដើមបណ្តឹងបានសរុបទាំងដើមទាំងការទើបទឹកប្រាក់សរុប ឡើងដល់ជិត៤ម៉ឺនដុល្លារ ប៉ុន្តែដោយមានការចរចាគ្នា ភាគីជនសង្ស័យ សុំសងដើមបណ្តឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ស្អែកនេះចំនួន២ម៉ឺនដុល្លារ ព្រោះតែរកលុយមិនគ្រប់តាមកិច្ចសន្យាកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នោះទេ។
លោក សឿន មុនីរ័ត្ន បានបន្ថែមថា ប្រសិនបើគូភាគីមិនយល់ព្រមនោះ តំណាងអយ្យការមានតែធ្វើតាមនីតិវិធីច្បាប់បន្តទៀត។
ពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ក្រុមជនសង្ស័យ បានទៅខ្ចីប្រាក់ខ្លួនចំនួន៣៨,៥២៤ដុល្លារសហរដ្ឋអាមេរិក។ លុះនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ក្រុមជនសង្ស័យបាន យកសែករបស់ធនាគារ ABA មួយសន្លឹកឱ្យខ្លួន មានទឹកប្រាក់ចំនួន ១៧,០០០ដុល្លារសហរដ្ឋអាមេរិក និងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ពួកគេបានប្រគល់សែករបស់នធនាគារ ABA ដដែលមួយសន្លឹកទៀតទឹកប្រាក់ ២១,៥៤២ ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែនៅថ្ងៃកំណត់បើកប្រាក់ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្រាប់តែធនាគារបញ្ជាក់ថា សែកនោះគ្មានសាច់ប្រាក់ក្នុងគណនីនោះទេ។
ដោយសារតែក្រុមជនសង្ស័យបានគេចវេស មិនព្រមសងប្រាក់កខ្លួនវិញ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យជួយរកយុត្តិធម៌តែម្តងទៅ៕