(ភ្នំពេញ)៖ ក្នុង១ឆ្នាំៗ មានអ្នកជំងឺ ប្រមាណ ២៥,៣០៥នាក់ ក្នុងនោះមានកុមារ ១១,៦៩២នាក់ ទទួលបានការព្យាបាល ពីគ្លីនិក «ទន្លេ» ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺ ដែលរស់នៅលើផ្ទៃទន្លេសាប ដោយមានសមាជិកពេទ្យ១៨នាក់ មានស្នាក់ការនៅក្រុមទី៦ ភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជាក់ស្ដែងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមពិធីករ និង Dj មួយក្រុម នឹងរៀបចំការជួបជុំគ្នា ជាលើកទី៤ នៃកម្មវិធី DJs Party 2018 នៅទីតាំង ក្លឹបបាល់ទាត់ The Blue Sport Center ស្ថិតនៅភូមិឃ្មួញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសំដែង តារាចម្រៀង ជាច្រើននាក់ ក្នុងកម្ពុជា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកឲ្យគ្នា ទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នា និងគ្នា ជាពិសេស ប្រមូលថវិកា ជួយដល់ គ្លីនិក «ទន្លេ» ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើនេះ។
កម្មវិធី DJ party ជាកម្មវិធីមួយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និង Dj មួយក្រុមតូច បង្កើតក្នុងគោលបំណងធំៗ ចំនួន៤៖
ទី១៖ ចង់ឲ្យមានការជួបជុំញ្ញាំអីរួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាព ស្និតស្នាលគ្នាទៅវិញទៅមក
ទី២៖ ផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅ មកអំពីអាជីពការងារ
ទី៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា
ទី៤៖ ដើម្បីរៃអង្គាសប្រាក់ សំរាប់ជួយដល់កុមាកំព្រា។
កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាព ជោគជ័យយ៉ាងខ្លាំងតាមរយៈ ការផ្សារភ្ជាប់មិត្តវាង DJ ក្លឹប និង DJ ក្លឹប ពិធីករវិទ្យុ និងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ។
ដោយឡែក នៅឆ្នាំ២០១៦ កម្មវិធីនេះ កាន់តែមានប្រជាប្រិយភាពទៅៗ រហូតដល់ឆ្នាំ២០១៧ ក៏បានអញ្ជើញវត្តមាន របស់ពិធីករ Booth និង ពិធីករឆាកមួយចំនួនទៀត ចូលរួមផងដែរ ហើយឆ្នាំ នៅក្នុងឆ្នាំ២០១៨នេះ កម្មវិធី DJ party ទទួលបានព័ត៌មានថា នឹងមានវត្តមាន មនុស្សចូលរួមប្រមាណជា២៥០ ទៅ៣០០នាក់ មកពីគ្រប់ខេត្តក្រុង កម្មវិធីនេះ នឹងប្រារព្ធនៅ The Blue Sport Center៕