(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្ដីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ពីភាពវិជ្ជមាននៃការ​ប្រើប្រាស់​ថវិកា ដែលប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានដឹង និងយល់ពីការប្រើប្រាស់ថវិកា ​ដោយភាពទទួលខុសត្រូវនេះ បានធ្វើប្រទេសកម្ពុជា កានតែអភិវឌ្ឍទៅមុខជា​ដរាប និងមានភាពរីកចម្រើនស្ទើរតែគ្រប់វិស័យ។

ការពន្យល់របស់លោកទេសរដ្ឋមន្រ្ដីនេះ ធ្វើឡើងនាឱកាសដែលលោក ជួបពិភាក្សារការងារជាមួយអ្នកស្រី រ៉ូណា ស្មីត ដើម្បីពិភាក្សា និងស្វែង យល់ឲ្យបានកាន់តែស៊ីជម្រៅអំពីការកៀគរចំណូលថវិកាជាតិ ក៏ដូចជាការវិភាជថវិកា ក្នុងគោលដៅលើកកម្ពស់សិទ្ធិ ផ្នែកសេដ្ឋកិច្ច, សង្គម, វប្បធម៌ និងសិទ្ធិពលរដ្ឋទូទៅ ក៏ដូចជាយន្តការដោះស្រាយផលប៉ះពាល់ និងបញ្ហាប្រឈមក្នុងការ ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនអ្នកស្រី រ៉ូណា ស្មីត អំពីលទ្ធផលនៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក តាមរយៈការដាក់ឲ្យអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមាន៣ដំណាក់កាលរួមមាន៖

១៖ ក្នុងឆ្នាំ២០០៤-២០០៨ បានកសាងនូវភាពជឿទុកចិត្តនៃថវិកា តាមរយៈការពង្រឹង និងគ្រប់គ្រងការប្រមូលចំណូល, ការពង្រឹងការ គ្រប់គ្រងសាច់ប្រាក់ និងការកែលម្អនីតិវិធីនៃការអនុវត្តថវិកា ។

២៖ ក្នុងឆ្នាំ ២០០៩-២០១៥ សម្រេចបាននូវការបង្កើន «គណនេយ្យភាពហិរញ្ញវត្ថុ» ដោយបានផ្តោតលើការរៀបចំលម្អការកត់ត្រា របាយការណ៍
គណនេយ្យ និងហិរញ្ញវត្ថុឲ្យកាន់តែត្រឹមត្រូវ, ច្បាស់លាស់, សុក្រឹត្យ និងទាន់ពេលវេលា ស្របតាមឧត្តមានុវត្តអន្តរជាតិ តាមរយៈការដាក់ឲ្យអនុវត្ត
មាតិកាថវិកាថ្មី, ស្តង់ដារគណនេយ្យ និងប្លង់គណនេយ្យថ្មី, អង្គភាពថវិកា និងនីតិវិធីថ្មីនៃការអនុវត្តថវិកា។

៣៖ ក្នុងឆ្នាំ២០១៥-២០១៨ បានសម្រេចនូវ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» គឺការផ្លាស់ប្តូរប្រព័ន្ធថវិកា បច្ចុប្បន្នជាជំហានៗ ពី ប្រព័ន្ធថវិកាផ្តោតលើធាតុចូល និងមជ្ឈការ ទៅជាប្រព័ន្ធថវិកាផ្តោតលើលទ្ធផល ឬធាតុចេញ និងវិមជ្ឈការ​ តាមរយៈការចាប់​ផ្ដើមពង្រឹង និងពង្រីកការអនុវត្តប្រព័ន្ធ ថវិកាកម្មវិធីពេញលេញ ស្របតាមទស្សទានស្តីពីទិសដៅ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៣-២០២០ និងការឈានទៅអនុវត្តប្រព័ន្ធ «ថវិកាសមិទ្ធកម្ម» ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ និងស្របតាមគោលដៅ នៃការឈានទៅអនុវត្ត ដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺគណនេយ្យភាពចំពោះសមិទ្ធិកម្ម។

ថ្លែងចំពោះមុខអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកទេសរដ្ឋមន្រ្ដីឲ្យដឹងទៀតថា ជាក់ស្តែងផ្អែកលើលទ្ធផល នៃការអនុវត្តកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលធានាបានប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ចកម្ពុជាពិសេសធានា និងរក្សាបាននូវសន្តិភាព, សន្តិសុខ, អធិបតេយ្យភាព, ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ព្រមទាំងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ក្នុងនោះទំហំសេដ្ឋកិច្ចជាតិ (ផ.ស.ស. តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពី ៦១,៣២៦,៩២៨ លានរៀល ឬសមមូលនឹងប្រមាណជាង ១៥,២៣៧ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ដល់ ៨៩,៥០៩,៤២២ លានរៀល ឬសមមូលនឹងប្រមាណជាង ២២,១៧២ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ហើយនឹងបន្តឡើងដល់ ៩៩,១១៦,០៤១លានរៀល ឬសមមូលនឹងប្រមាណជាង ២៤,៥៥២ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨ ។ ចំណូលមនុស្សម្នាក់ធៀបនឹងផ.ស.ស. បានកើនឡើងពី ១,០៤២ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ដល់ប្រមាណ ១,៤៣៥ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ១,៥៦៨ ដុល្លារអាមេរិក នៅឆ្នាំ២០១៨ ក្នុងខណៈដែលអត្រាប្តូរប្រាក់ស្ថិតក្នុងរង្វង់ ៤, ០៥០រៀល ក្នុងមួយដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាពជាងមុន និងកាន់តែមានភាព ជាម្ចាស់ ដែលនេះជាផ្លែផ្កានៃកិច្ចខិតខំ ប្រឹងប្រែងអនុវត្តក្នុងឆន្ទៈប្តូរផ្តាច់ឥតងាករេនូវវិធានការមុតស្រួច ទាំងឡាយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងការវិភាជថវិកាឆ្នាំ ២០១៨ វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១ ទទួលបានឥណទានថវិកាប្រមាណ ៧,០៨% នៃផ.ស.ស. មានកំណើន ប្រមាណ ២២% ធៀបនឹងឆ្នាំ២០១៧ គួរកត់សម្គាល់ថា ធៀបនឹងឆ្នាំ២០១៣ ចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនជាងបីដង, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើនជិតពីរដង, ក្រសួងសុខាភិបាល ត្រូវបានបង្កើនជិតពីរដងកន្លះ និងក្រសួងបរិស្ថាន ត្រូវបានបង្កើនជិតបីដង។ នេះបើតាមការ​បញ្ជាក់បន្ថែមរបស់លោក ទេសរដ្ឋមន្រ្ដី។

រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សម្រាប់ការលើកស្ទួយ ការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស ការពង្រឹងគោលការណ៍នីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរី ការធានាយុត្តិធម៌ សង្គម ធៀបនឹងឆ្នាំ២០១៣ ថវិកាចំណាយសរុប របស់ក្រសួងយុត្តិធម៌ ត្រូវបានបង្កើនជិតពីរដង ហើយបានផ្តោតលើការបង្កើនថវិកាសម្រាប់តុលាការគ្រប់ជាន់ថ្នាក់ រួមទាំងការបង្កើនថវិកាសម្រាប់ផ្តល់ជូនគណៈមេធាវីកម្ពុជា ដើម្បីជួយការពារក្តីជូនជនក្រីក្រ។ ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ផ្តល់ថវិកាសម្រាប់សេវា ផ្លូវច្បាប់ជួយស្ត្រីក្រីក្រ ដោយអំពើហិង្សាគ្រប់ប្រភេទ ក៏ដូចជាផ្តល់ថវិកាគាំទ្រដល់ការចុះបញ្ជីដីសហគមន៍ និងដីរដ្ឋរួមទាំង ការចុះបញ្ជីដីសហគមន៍
ជនជាតិដើមភាគតិចទៀតផង។

លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ជាយន្តការអន្តរក្រសួង បានដោះស្រាយផលប៉ះពាល់ មានអាណត្តិកិច្ចអនុវត្តតែចំពោះគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម័្ពន្ធដែលបម្រើផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិតែប៉ុណ្ណោះ ទាំងចំពោះគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិកាជាតិផ្ទាល់, គម្រោងដែលផ្តល់ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងគម្រោងក្នុងក្របខណ្ឌភាព ជាដៃគូរវាងរដ្ឋ និងឯកជន ។

ការងារដោះស្រាយផលប៉ះពាល់ ត្រូវបានអនុវត្តដោយមានភាពទន់ភ្លន់ និងប្រកាន់ជាប់នូវ គោលការណ៍នីតិរដ្ឋ, គោលការណ៍មនុស្សធម៌, គោលការណ៍សមធម៌សង្គម និង គោលនយោបាយរបស់ដៃគូ អភិវឌ្ឍន៍ សំដៅធានាការអភិឌ្ឍប្រកបដោយចីរភាព, កាត់បន្ថយភាពក្រីក្រ និងធានាសមភាពរវាងអ្នករងផលប៉ះពាល់ និងអ្នកទទួលផលពីការអនុវត្តគម្រោង៕