(ភ្នំពេញ)៖ ក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីរដ្ឋលេខាធិការ ស៊ើង សរសុចិត្តា បានថ្លែងថា បច្ចុប្បន្នស្ត្រីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំការងារក្នុងសង្គម ប៉ុន្តែវត្តមានស្ត្រីនៅកន្លែងទាំងនោះមានគម្លាតទាបជាងបុរសនៅឡើយ។

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារនេះ ធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី អ៉ិត សំហេង នៅទីស្ដីការក្រសួងការងារ ដែលនឹងប្រព្រឹទ្ធទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០១៨ ដែលមានសិក្ខាកាមចូលរួម ប្រមាណជាង២៥០នាក់។

លោក អ៉ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តចតុកោណ ដែលបានកំណត់នូវគោលដៅនៃការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនពលករកម្ពុជាឲ្យបានពេញលេញ ការលើកស្ទួយសមធម៌ និងយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងប្រសិទ្ធភាពក្នុងវិស័យមុខងារសាធារណៈ។ ដើម្បីអភិវឌ្ឍលម្អិតបន្ថែមលើចក្ខុវិស័យ ដែលមាននៅក្នុងយុទ្ធសាស្រ្តចតុកោណនេះ រាជរដ្ឋាភិបាលបានរៀបចំឯកសារផែនការសំខាន់មួយទៀត គឺផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ២០១៤-២០១៨ ដែលបានសំយោគបញ្ចូលគ្នារវាងផែនការយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ និងផែនការសកម្មភាពអភិបាលកិច្ច ដែលមានរួមបញ្ចូលទាំងកំណែទម្រង់រដ្ឋបាលសាធារណថ្នាក់ជាតិផងដែរ។ ក្រៅពីនេះ រាជរដ្ឋាភិបាលមានគោលនយោបាយ និងផែនការនៅតាមក្រសួង-ស្ថាប័ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅគ្រប់វិស័យ។

លោកថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រជាការងារមួយចាំបាច់ ដែលទាមទារនូវការពង្រឹងសមត្ថភាពជាប្រចាំ ជាក់ស្តែងវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ រៀបចំឡើងដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ច្បាស់ពីអនុសាសន៍ទាំង១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិតិ្តយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានដាក់ចេញនៅក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី គោលគំនិតនៃការបញ្រ្ជាបយេនឌ័រ បច្ចុប្បន្នភាពអនុសញ្ញាស៊ី-ដ នៃអង្គការសហប្រជាជាតិ ពិធីសារតាមជម្រើសក្របខណ្ឌគោលនយោបាយ លើកកម្ពស់ស្រ្តីភាពជាអ្នកដឹកនាំឆ្នាំ២០១៨ គោលនយោបាយយេនឌ័រក្នុងវិស័យ TVET ស្ថានភាពស្រ្តី ក្នុងវិស័យបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងផែនការថវិកាឆ្លើយតបនឹងយេនឌ័រ ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេលនេះ ឲ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដ។

ជាមួយគ្នានោះ លោកស្រី ស៊ើង សរសុចិត្តា បានលើកឡើងថា ថ្វីត្បិតមានការលើកកម្ពស់ស្ត្រីតាមរយៈផែនការ និងសកម្មភាពអនុវត្តយ៉ាងនេះក្ដី ក៏ប៉ុន្តែវត្តមានស្ត្រីនៅក្នុងអង្គភាព-ស្ថាប័ននានា ហាក់នៅមានអត្រាតិចតួចជាងបុរសនៅឡើយ ខណៈស្ត្រីទាំងនោះក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារដូចបុរសផងដែរ៕