(រតនគិរី)៖ អាជ្ញាធរខេត្តរតនគិរី បានរៀបចំប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៣ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលមហោស្រពសម្តេចតេជោ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រោមអធិបតីភាពលោក ថង សាវុន អភិបាលខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ ករណីអគ្គីភ័យកើតឡើងចំនួន៣៦លើក ធៀបជាមួយឆ្នាំ២០១៦ មានការកើនឡើងចំនួន១៨លើក ប៉ុន្តែករណីខាងលើភាគច្រើនបណ្តាលមកពីភ្លើងឆេះព្រៃ មិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតមនុស្សឡើយ និងមានការខូចខាតនូវផ្ទះសម្បែង សម្ភារៈ ថវិកាមួយចំនួន គិតជាទឹកប្រាក់សរុបប្រមាណ៥០ម៉ឺនដុល្លារ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងថា បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី មានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពិសេសសណ្ឋាគារ ផ្ទះសំណាក់ សំណង់អគាររដ្ឋ ឯកជនផ្សេងៗ មានកម្ពស់ខ្ពស់ៗ អាស្រ័យដោយជីវភាពប្រជាពលរដ្ឋមានការកើនឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងការអភិវឌ្ឍនេះ តម្រូវការប្រើប្រាស់ចរន្តអគ្គិសនីកាន់តែខ្ពស់ ក៏ក្លាយទៅជាបញ្ហាកង្វល់ប្រឈមទៅនឹងហានិភ័យនៃគ្រោះអគ្គិភ័យ ដែលទាមទារឲ្យគ្រប់ភាគី ត្រូវមានវិធានការបង្ការ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវករណីអគ្គិភ័យណាមួយដែលបានកើតឡើង។
អភិបាលខេត្តរូបនេះ បន្តថាអង្គភាពជំនាញត្រូវធ្វើការត្រួតពិនិត្យឡើងវិញនូវសហគ្រាស សិប្បកម្ម ស្ថានីយ៍ប្រេងឥន្ទៈ និងនៅតាមគេហដ្ឋាន តម្រូវឲ្យមានឧបករណ៍សង្គ្រោះបឋមនៅគ្រប់ទីតាំង ជាងនេះទៅទៀត មន្ត្រីជំនាញត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវមធ្យោបាយទំនាក់ទំនង សម្រាប់ការអន្តរាគមន៍សង្គ្រោះ និងត្រូវបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីជំនាញបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ នៃការវិវឌ្ឍនៃសង្គមជាតិ។
បន្ថែមពីនេះ អភិបាលខេត្ត ក៏ស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករនៅទីប្រជុំជន សូមចូលរួមសហការជាមួយអាជ្ញាធរ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ដោយមានផ្លូវទូលាយសម្រាប់រថយន្តសង្គ្រោះអាចចូលបាន ជាពិសេសមិនអាចខ្វះបានឡើយនូវឧបករណ៍បំពង់ពន្លត់អគ្គីភ័យ និងវិធីនៃការប្រើប្រាស់ សម្រាប់សង្គ្រោះបឋមមុខពេលឡានទឹកទៅដល់៕