(ភ្នំពេញ)៖ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា លោក ឃី ឆៃ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នេះ ចេញដីកាឃុំខ្លួនជនល្មើសពីរនាក់ ដែល ម្នាក់ជាអ្នកធ្វើសកម្មភាពផ្ទាល់ និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម នៅហាង Wring Cafe ក្នុងខណ្ឌជ្រោយចង្វារ។
មន្រ្តីតុលាការបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ជួន សុជាតិ យ៉ាងដូច្នេះថា «ក្រោយពីសិក្សា និងពិនិត្យសំណុំរឿងព្រមទាំងភស្តុតាង ព្រះរាជអាជ្ញាសម្រេចចោទ ប្រកាន់ ឈ្មោះ ហូ ម៉េងហ័ង ពីបទលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន ចំណែកឈ្មោះ ម៉ាន អាស់ម៉ាត់ ពីបទទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន»។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់បានយកកាំភ្លើងខ្លី០១ដើម ចូលភ្ជង់ប្លន់បុគ្គលិក ហាង Wring Cafe មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយស្រែកគម្រាមឲ្យបុគ្គលិកនោះអង្គុយចុះ រួចស្រវាយកលុយបានចំនួន៤៨,៩០០រៀល, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង និងម៉ូតូ០១គ្រឿង ម៉ាក SH បន្ទាប់មកក៏ជិះម៉ូតូដែលយកបានឆ្ពោះទៅខេត្តកំពង់ស្ពឺ។
លុះស្អែកឡើងយកម៉ូតូ លក់ឲ្យឈ្មោះ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ បាន៥០០ដុល្លារ ទើបត្រឡប់មកភ្នំពេញវិញ ទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចនៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍សែនជ័យបានតែម្ដង។
ក្រោយមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការសាកសួរជនសង្ស័យ និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលទទួលផលចោរកម្ម ទិញម៉ូតូពីជនសង្ស័យដែលធ្វើសកម្មភាព ប្លន់នៅខណ្ឌជ្រោយចង្វារ និងបានដកហូតម៉ូតូដែលប្លន់យកទៅប្រគល់ជូនម្ចាស់ដើមវិញ៕