(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសង្កត់ធ្ងន់ៗថា រឿងទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង ដែលបានសន្យាកាត់ដីចំនួន៤ខេត្តឱ្យទៅជនជាតិ ភាគតិចវៀតណាម មិនមែនជារឿងតូចឡើយ វាគឺជាទង្វើក្បត់ជាតិយ៉ាងច្បាស់ និងដ៏ធ្ងន់ធ្ងរណាស់មិនអាចអត់ឱ្យបានឡើយ, ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវតែពិនិត្យករណីនេះឲ្យបានច្បាស់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវលើបញ្ហាកាត់ទឹកដី៤ខេត្តនេះ។ សម្តេចបញ្ជាក់ថា មួយតឹកមួយផឹងជាមួយប្រទេសវៀតណាម ជាមួយថៃ គឺនៅចរចា តែទណ្ឌិត សម រង្ស៊ី បែរជាទៅចុះកិច្ចព្រមព្រៀងកាត់ដីឲ្យមេដឹកនាំជនជាតិភាគតិចវៀតណាម ពេលគេឈ្នះឆ្នោតទៅវិញ។ ពាក់ព័ន្ធនឹងករណីលោក សម រង្ស៊ី កាត់ដីទៅឱ្យជនជាតិវៀតណាម នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចំពោះករណីកុក ស បើសិនជារូបគេជាខ្មែរ ហេតុអ្វីបានចាំបាច់ចុះហត្ថលេខាជាមួយគ្នាធ្វើអ្វី? សម្តេចតេជោ បានចោទជាចម្ងល់ផងដែរថា ប្រសិនបើ កុក ស ជាខ្មែរ ហេតុអ្វីក៏មិនអាចនិយាយខ្មែរបានទៅវិញ។
ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិដ៏ធំនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ឥឡូវរកឃើញហើយទៅចុះហត្ថលេខាកាត់ដីឲ្យគេ៤ខេត្ត រឿងហើយមិនតូចទេរឿងនេះ។ សន្យាបើគេឈ្នះគេកាត់ដី៤ខេត្តឲ្យ ដល់ទៅភ័យពេកហៅមនុស្សចេញមកធ្វើជាវីដេអូឃ្លឹបមួយ ដោយបញ្ជាក់ថា កុក ស ជាខ្មែរ ចឹងសុំឲ្យលោក កុក ស បញ្ជាក់ថា ស្រាប់តែលោក កុក ស អត់ចេះខ្មែរមួយមាត់ អានេះបានហៅថាឆ្កួតលើគោក»។
សម្ដេចតេជោបានបន្ដថា «រឿងនេះមិនតូចទេ ក្រសួងមហាផ្ទៃកំពុងតែធ្វើកិច្ចការងារនេះ ស្រាវជ្រាវលើសំណុំរឿងក្បត់ជាតិមួយនេះថែមទៀត [...] ហើយរឿងនេះកុំភ្លេចរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ត្រូវចាត់ចែងរឿងហ្នឹងជាមួយមហាផ្ទៃ រឿងក្ដីមួយនេះរឿងធំណាស់ជាផលប្រយោជន៍ ហើយនេះអំពើក្បត់ជាតិចេញមកច្បាស់ក្រឡែត ប៉ុន្ដែយើងអត់ត្រូវធ្វើទទឹងទិសទេ ព្រោះត្រូវស៊ើបអង្កេត ឲ្យបានម៉ត់ចត់ ហើយត្រូវដំណើរការតាមយន្ដការច្បាប់ គ្មានអ្នកណាមានសិទ្ធិកាត់ដីកម្ពុជាឲ្យជនបរទេសនោះទេ»។
វីដេអូអំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម ត្រូវបានបណ្តាញទំនាក់ទំនង Facebook ទម្លាយកាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ដោយអះអាងថា ជាកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៣។ នៅក្នុងវីដេអូចុះហត្ថលេខានោះ លោក សម រង្ស៊ី នាពេលថ្មីៗនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន នៅសហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយក្រសួងមហាផ្ទៃ ត្រូវចាត់ការលើទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដោយគ្មានការលើកលែង តែត្រូវពិនិត្យឲ្យបាន ច្បាស់លាស់ និងត្រឹមត្រូវទៅតាមនីតិវិធីច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី មិនអាចអត់ឱនឲ្យបាននោះឡើយ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានសម្តែងការភ្ញាក់ផ្អើលផងដែរ ចំពោះទណ្ឌិត សម រង្ស៊ី ដែលបានទៅលួចចរចាស្ងាត់ៗជាមួយអតីតឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេស វៀតណាមកាលពីអំឡុងឆ្នាំ២០០៣-២០០៤ផងដែរ។
សម្តេចតេជោ បានប្រកាសថា សម្តេចនឹងសួរភាគីវៀតណាមថា អតីតថ្នាក់ដឹកនាំវៀតណាម បាននិយាយអ្វីខ្លះជាមួយទណ្ឌិត សម រង្ស៊ី នាពេលនោះ។ សម្តេចថ្លែងថា បើមិត្តវៀតណាម ស្មោះត្រង់ជាមួយកម្ពុជា នឹងត្រូវប្រាប់អំពីកិច្ចចរចានោះឲ្យកម្ពុជាដឹង។ សម្តេចបានថ្លែងថា ទណ្ឌិត សម រង្ស៊ី ព្រោះតែដើម្បីអំណាចហេតុលះបង់សព្វបែបយ៉ាង សូម្បីបូរណភាពទឹកដី។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទឹកដីកូសាំងស៊ីនមិនមែនបាត់បង់ក្នុងសម័យកាលសម្តេចនោះទេ ហើយបច្ចុប្បន្នសម្តេចការពារឲ្យបានតែទឹកដីដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បន្សល់ទុកឲ្យតែប៉ុណ្ណោះ៕