(កោះកុង)៖ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សហការមន្ត្រីកាំកុងត្រូលខេត្តកោះកុង និងមន្ត្រីពាណិជ្ជកម្មខេត្ត ចុះពិនិត្យទីតាំងប្រេងឥន្ធនៈចំនួន៩ស្ថានីយ៍ ក្នុងរយៈពេល២ថ្ងៃ ដោយក្នុងនោះរកឃើញ៣ទីតាំង ដែលលក់ប្រេងមិនគ្រប់ និងមិនតាមស្ដង់ដារបច្ចេកទេស។
ការចុះត្រួតពិនិត្យទីតាំងប្រេងឥន្ធនៈនេះ ដឹកនាំដោយលោក មាន ចំណាប់ អនុប្រធាននាយដ្ឋានកិច្ចការ ការពារអ្នកប្រើប្រាស់ និងអ្នកក្លែងបន្លំ និងលោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង សហការណ៍មន្ត្រីពាណិជ្ជកម្មខេត្តកោះកុង។
លោក មាន ចំណាប បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺ ផ្អែកទៅលើឩប្បករណ៍ត្រួតពិនិត្យនៅនឹងកន្លែងដូចជា ធុង ក្រិត មាន មាឌ ជាក់លាក់សម្រាប់វាស់បរិមាណប្រេង សម្រាប់បាញ់ចេញពីកុងទ័រតាមទំហំផ្សេងខុសគ្នាមានចំណុះ៥លីត្រ ១០លីត្រ ២០លីត្រ។ ចំណែកសន្ធស្សីអុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
អនុប្រធាននាយកដ្ឋានរូបនេះ បានបន្តថា លទ្ធផលនៃការចុះត្រតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង៩ មាន៦ស្ថានីយ៍មានអនុលោមលើផ្នែកគុណមានលក្ខណៈស្តង់ដាគ្រប់លីត្រត្រីមត្រូវ តែមានស្ថានីយ៍ប្រេងចំនួន៣កន្លែង មានកង្វះបរិមាណប្រេងមិនត្រូវតាមបទដ្ឋាន រង្វាស់រង្វាលឡើយតែមានលក្ខណៈតិចតួចបំផុត។ ក្នុងនោះមន្រ្តីក្រុមការងារ បានកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាកម្មឲ្យបានត្រឹមត្រូវ ឡើងវិញពីស្ថាប័នមានសមត្ថកិច្ច។
លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូវ នឹងបន្តធ្វើការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយ៍ទាំងអស់ ទូទាំងប្រទេសកម្ពុជា ហើយបានធ្វើការអំពាវរនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ចូលរួមសហការណ៍ជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្របត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការ តាមនិតិវិធីច្បាប់ជាធរមាន។
លោក មាន ចំណាប បន្ថែមថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ត្រូវធ្វើការពិចារណា ជាមុនក្នុងការជ្រើសរើសស្ថានីយ៍ ឬដេប៉ូប្រេងឥន្ធនៈដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែ និងម៉ាសូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រហើយយើងត្រូវពិនិត្យមើលលេខកុងទ័រ នៅចំណុចសូន្យជានិច្ច មុនពេលចាក់តាមដ្ឋានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្តើមជាមួយគ្នានិងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំណុចលីត្រចុងក្រោយ៕