(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងការទទួលខុសត្រូវ របស់អ្នកនាំពាក្យដើម្បីចែករំលែកចំណេះដឹងបទពិសោធន៍ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើប្រាស់ក្នុងការនាំសាររបស់អង្គភាព ទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឱ្យបានល្អ និងត្រឹមត្រូវ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari) ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងដោយមានការចូលរួមពីអ្នកនាំពាក្យមកពីបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានា ប្រមាណជាង១០០នាក់ ដែលក្នុងនោះក៏មានផងដែរនូវសិក្ខាកាមចំនួន៥០នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ។
វាគ្មិនសំខាន់ៗ ដែលចូលចូលរួមចែករំលែកបទពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ,លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី, លោកសាស្រ្តាចារ្យបណ្ឌិត រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង និងលោក ឯក ថា អ្នកសារព័ត៌មានជើងចាស់ជាដើម។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងបានយល់អំពីរបៀបចាត់តាំងការិយាល័យអ្នកនាំពាក្យ តួនាទី ភារកិច្ចសំខាន់ៗមួយចំនួនចាំបាច់ចំពោះមុខ ដើម្បីរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់ ចូលរួមយុទ្ធនាការព័ត៌មានរួមគ្នាពីថ្ងៃនេះ រហូដល់ពេលបោះឆ្នោតសកលនិងក្រោយពេលបោះឆ្នោត ធ្វើការរួមគ្នាគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងទាន់សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថានេះគឺជាលើកទី១ហើយ ដែលក្រសួងការពារជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកនាំពាក្យអង្គភាព ក្រោមចំណុះក្រសួងការពារជាតិដើម្បីពង្រឹងបន្ថែមលើសមត្ថភាព ដែលមានស្រាប់ដែលឆ្លើយតបទៅនឹងសំណូមពររបស់ អង្គភាពនានាក្រោមចំណុះ ដែលបានស្នើសុំនាពេលកន្លងទៅ៕