(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើក ទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ខ្លួន រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយប្រារព្ធពិធីបើក ក្រោមអធិបតីភាព លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមក្នុងអង្គសន្និបាត រួមមានលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្នាក់កណ្តាល និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួមទាំង អង្គភាពរដ្ឋាករទឹក រាជធានី-ខេត្ត។ លើសពីនេះទៀត ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនយ៉ាងច្រើនកុះករ។
អង្គសន្និបាត បាន និងកំពុងធ្វើការពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន ដែលធ្វើបទអន្តរាគមន៍ដោយតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គការ សមាគម និងវិស័យឯកជនមួយចំនួនរួមជាមួយបទអន្តរាគមន៍របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី-ខេត្ត ទាំង២៥ ដោយមានការចូលរួមមតិរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន វិទ្យាស្ថាន មជ្ឈមណ្ឌល អគ្គាធិការស្ថាន ក្រោមឱវាទក្រសួង ផងដែរ។
សម្រាប់កម្មវិធីចុងក្រោយនៃអង្គសន្និបាត ក៏មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនៅថ្នាក់កណ្តាល និងមន្ទីររាជធានី-ខេត្ត ផងដែរ៕