(កំពង់ធំ)៖ បន្ទាប់ពីទទួលបានព័ត៌មានដ៏គួរឲ្យខ្លោចផ្សា របស់បុរសម្នាក់ ឈ្មោះ សុង ធូ រស់នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានចេញមុខ ធានាព្យាបាលជំងឺ រលាកភ្លើងរបស់លោក សុង ធូ រហូតដល់ជាសះស្បើយ។

លោក ម៉ម ប៊ុនហេង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមីនានេះថា «បុរសដែលរលាកពេញខ្លួននេះ ខ្ញុំបញ្ជាឲ្យក្រុមគ្រូពេទ្យដឹកមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយឥតគិតថ្លៃ ក្រសួងសុខាភិបាលជាអ្នកទទួលខុសត្រូវព្យាបាលរហូតដល់ជាសះស្បើយ»។

សូមជម្រាបថា លោក សុង ធូ បានជួបរឿងរ៉ាងដ៏កម្សត់ ដែលរឿងជីវីតរបស់គាត់មានដំណើរដើមទងដូចខាងក្រោម៖

អស់រយៈពេលជាង៧ខែកន្លងទៅ គ្រួសាលោក​ សុង​ ធូ​ និងប្រព្ធឈ្មោះ​ សុខ​ ជា​ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះខ្ទេចអស់ ប្រពន្ធគាត់ក៏ស្លាប់ភ្លាមៗក្នុងពេលភ្លើងឆេះផ្ទះនោះទៀត។ ចំណែកលោកវិញត្រូវបានអគ្គិភ័យឆាប់ឆេះសុះពេញខ្នង ដាច់ស្លឹកត្រចៀកម្ខាង។​ ពេលនោះម្តាយរបស់គាត់ ក៏បានដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែដោយក្រុមគ្រួសារមានជីវភាពក្រីក្រពេក គ្មានប្រាក់សម្រាប់ព្យាបាលក៏យកកូនប្រុសមកផ្ទះវិញ​។

រីឯចំណែកឪពុកបង្កើតទៀតសោត ឃើញកូនប្រុសដេកឈឺ​ចុកចាប់ជាពន់ពេកហើយ ពុំអាចជួយអ្វីកូនបានទើបធ្វើឲ្យគាត់ពិបាកចិត្តរហូត ដេកគាំងបេះដូងស្លាប់ទៅ។ បើឪពុកក្មេករបស់គាត់វិញ ដោយសារកូនស្រីក៏ស្លាប់​ កូនប្រសារក៏ឈឺដែកនៅមួយកន្លែង រង់ចាំតែថ្ងៃស្លាប់​ គាត់ឈឺចិត្តខ្លាំងពេក រហូតវង្វងដើរផឹកស្រា ស្រាតពេញផ្លូវ​ កូនៗមិនចង់ឃើញឪពុកដើរស្រាត ក៏នាំគ្នាចាប់ឪពុកចង​នៅមួយកន្លែង​ ឪពុកឈឺចិត្តខ្លាំងពេកក៏យកសាំងដុតខ្លួនស្លាប់ទៀតទៅ​។

អ្វីដែលរិតតែខ្លោចចិត្តទៀតនោះ ក្រោយពីការស្លាប់របស់ពួកគាត់មក គេពុំដែលឃើញ​ ក្រសួងសុខាភិបាល​ ​ឬអាជ្ញាធរចុះទៅពិនិត្យដល់កន្លែងកើតហេតុ​ទេ។ ចំណែកឯសាព័ត៌មានផ្សេងៗ​ និង​បណ្តាញសង្គម​ Facebook ក៏ទាន់ឃើញចុះផ្សាយផងដែរ។

ដោយមើលឃើញពីផលវិបាក​ និង​ការរងទុក្ខវេទនារបស់ក្រុមគ្រួសារនេះហើយទើបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ គេបានឃើញលោក​ឧកញ៉ា​ ដេវិដ ឆាណាយវ៉ា ជាអនុប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព រាជធានីភ្នំពេញដែលមានលោក ជិន ប៊ុនធឿន ជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពរាជធានីភ្នំពេញ បានយកថវិកា​ និង​គ្រឿងឧបភោគបរិភោគ​ ថ្នាំពេទ្យ​ និង​សម្ភារមួយចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រគល់ជូនក្រុមគ្រួសារផ្ទាល់តែម្តង។

សូមជម្រាបថា ជនរងគ្រោះមានឈ្មោះ សុង​ ធូ​ និង​ ​ប្រពន្ធឈ្មោះ​ សុខ​ ជា​ មានទីលំនៅភូមិបឹង​ ឃុំមានរិទ្ធ​ ស្រុកសណ្តាន់​ ខេត្តកំពង់ធំ។ ក្រុមគ្រួសារ ព្រមទាំងជនរងគ្រោះផ្ទាល់បានលើកដៃប្រណូមអង្វរសប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភដល់ការព្យាបាលលើខ្លួនរបស់គាត់ផង៕