(ភ្នំពេញ)៖ លទ្ធផលនៃសន្និបាតបូកសរុបការងារ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រហូតមកដល់ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាល បានផ្ដល់សេវាជួយស្វែងរកការងារធ្វើនៅក្រៅប្រទេស ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់។
ក្នុងសេចក្ដីជូនដំណឹងអំពីលទ្ធផលសន្និបាត ដែលបានចេញផ្សាយនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងចំណោមពលករទាំង១.២លាននាក់នោះមាននៅ៖
* ប្រទេសថៃមានចំនួន ១,០៥៦,៣៥៨នាក់
* ប្រទេសកូរ៉េខាងត្បូងមានចំនួន ៤៤,២២៩នាក់
* ប្រទេសជប៉ុនមានចំនួន ៦,០០០នាក់
* ប្រទេសម៉ាឡេស៊ីមានចំនួន ៣០,០០០នាក់
* ប្រទេសសិង្ហបុរីមានចំនួន ៤៨៧នាក់
* តំបន់រដ្ឋបាលពិសេសហុងកុង បានចាប់ផ្ដើមបញ្ជូនពលការិនីមានចំនួន ១៥នាក់។
ចំណែកពលករបរទេស ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាវិញមានចំនួន ៣២,៥១២នាក់ ក្នុងនោះមាន ៩៣សញ្ជាតិ ដែលកំពុងបម្រើការងារនៅក្នុងគ្រឹះស្ថានចំនួន ៣,៩៦៩គោលដៅ។ នេះបើតាមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញថា ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានក្រសួងការងារ និងក្រសួងមហាផ្ទៃ បានផាកពិន័យជនបរទេសប្រកបមុខរបរ និងបម្រើការងារគ្មានប័ណ្ណការងារចំនួន១,៣៨៩នាក់៕