(កំពង់ចាម)៖ ស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្ពានកោះប៉ែន គឺជាស្ពានឆ្លងទន្លេទី២ហើយដែលបានលេចចេញជារូបរាងនៅលើទឹកដីនៃខេត្តកំពង់ចាម បន្ទាប់ពីស្ពានគីហ្សូណា ខណៈដែលស្ពានឆ្លងទន្លេមួយទៀត គឺស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កំពុងដំណើរការសាងសង់។ ស្ពានគីហ្សូណា និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានដែលសាងសង់ឡើងដោយបរទេស និងប្រើប្រាស់ថវិកាជំនួយ និងកម្ចីរបស់បរទេស ដោយឡែកស្ពានកោះប៉ែន ត្រូវបានសាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល ហើយក៏សាងសង់ឡើងដោយដៃកូនខ្មែរផងដែរ។
កងកម្លាំងវិស្វកម្មក្រសួងការពារជាតិ គឺជាអ្នកទទួលភារៈសាងសង់ស្ពានឆ្លងកាត់ទន្លេមួយនេះ។ ឧត្តមសេនីយ៍ទោ គង់ អៀង នាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលជាអ្នកមើលការខុសត្រូវផ្ទាល់លើការសាងសង់ស្ពាននេះ បានឲ្យដឹងថា ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ ដោយចំណាយថវិកាជាង ១៣លានដុល្លារ។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមលោក គង់ អៀង ស្ពាននេះអាចផ្ទុកបានចន្លោះពី ២០ ទៅ ៣០តោន ហើយអាចមានអាយុកាលយ៉ាងតិចបំផុត ក៏៥០ឆ្នាំផងដែរ។
ឧត្តមសេនីយ៍ទោ គង់ អៀង បានអះអាងថា ការសាងសង់ស្ពានជួបការលំបាកច្រើនផងដែរ ដោយសារតែខ្វះគ្រឿងចក្រ ហើយក៏បានរកឃើញក្បាលគ្រាប់ជាច្រើនបន្សល់ពីសម័យសង្គ្រាម។ លោកឧត្តមសេនីយ៍ទោ គង់ អៀង ធ្លាប់បានសាងសង់ស្ពានជាច្រើនកន្លែងមកហើយ ប៉ុន្តែគ្មានការសាងសង់ស្ពានណាធ្វើឲ្យលោកសប្បាយចិត្តដូចការសាងសង់ស្ពានមួយនេះឡើយ ព្រោះជាស្ពានមានប្រវែងវែងឆ្លងកាត់ទន្លេ ដែលអាចាត់ទុកជាបទពិសោធន៍ថ្មីសម្រាប់រូបលោក។
អ្វីដែលធ្វើឲ្យលោក កាន់តែរីករាយទៀតនោះ ការសាងសង់ស្ពាននេះ គឺទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
ស្ពានកោះប៉ែនបានក្លាយជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន កោះមិត្ត កោះត្រុំជាដើមនោះ សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។ ក្រុងកំពង់កំពង់ចាម ទៅប្រជុំកោះទាំងអស់នេះ មានចម្ងាយមិនឆ្ងាយនោះឡើយ តែទឹកទន្លេមេគង្គបានកាត់ផ្តាច់ឲ្យតំបន់ទាំងពីរនេះហាក់ឆ្ងាយដាច់អាល័យ។
ប្រជាពលរដ្ឋនៅលើកោះពេលដែលចង់ឆ្លងទៅក្រុងកំពង់ចាម ត្រូវឆ្លងទូក ឆ្លងដ ឆ្លងសាឡាងជាដើម។ ការឆ្លងនេះធ្វើឲ្យគាត់ចំណាយទាំងថវិកា និងពេលវេលា។ បន្ទាប់ពីទទួលបានសមិទ្ធផលស្ពានកោះប៉ែននេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅលើកោះបង្ហាញក្តីរីករាយជាខ្លាំង។
ប្រជាពលរដ្ឋនៅលើកោះបានថ្លែងថា សមិទ្ធផលស្ពានដែលសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនពួកគាត់នេះ ប្រៀបដូចជាសម្តេចបានយកប្រាក់ខែជូនពួកគាត់ជារៀងរាល់ខែអីចឹង ព្រោះបានធ្វើឲ្យពួកគាត់លែងចំណាយថវិកាសម្រាប់ឆ្លងស្ពានឬស្សីនៅរដូវប្រាំង និងឆ្លងទូកដ ឆ្លងសាឡាងនៅរដូវវស្សានោះ៕