(ភ្នំពេញ)៖ បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា​ និងការរំលាយគណបក្សសង្រ្គោះជាតិ ដោយតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការផ្សំគំនិតគ្នារៀបចំផែនការក្បត់ជាតិ ដែលនៅក្នុងខ្សែអាត់វីដេអូរបស់លោក កឹម សុខា បានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់សហរដ្ឋអាមេរិច ក្នុងការជួយផ្តល់ជាយោបល់ និងធនធានគ្រប់រូបភាពដល់រូបលោក និងគណបក្សសង្រ្គោះជាតិ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ យើងសង្កេតឃើញមានប្រតិកម្មបន្តបន្ទាប់គ្នាពីសំណាក់សហរដ្ឋអាមេរិច និងសម្ព័ន្ធមិត្តមួយចំនួនតូចរបស់ខ្លួន ក្នុងគោលបំណងដាក់សំពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតិឲ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ។

រដ្ឋាភិបាលអាមេរិក ជាពិសេសសភាអាមេរិក បានធ្វើការគំរាមកំហែងដាក់ទណ្ឌកម្មមកលើកម្ពុជា ដែលទណ្ឌកម្មទាំងអស់​នោះអាចនឹង​ប៉ះពាល់​​យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋគ្មានកំហុស ជាពិសេសកម្មករ កម្មការនីរាប់សែននាក់ដែលកំពុងបំរើការងារ​នៅតាមរោងចក្រ​សហគ្រាសមួយចំនួន។ ការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច​នេះត្រូវបានអ្នកច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងអ្នកវិភាគឯករាជ្យ​ជាច្រើនយល់ឃើញថា វាមានលក្ខណៈផ្ទុយទៅនឹងច្បាប់ពាណិជ្ជកម្មសេរី នៃអង្គការពាណិជ្ជកម្មពិភពលោក​ ដែលក្នុងនោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាសមាជិកផងដែរ។

សកម្មភាពទាំងអស់នេះរឹតតែបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការប្រើប្រាស់អំណាចដោយមិនខ្វាយខ្វល់អំពីច្បាប់ និងបទដ្ឋាន​អន្តរជាតិរបស់សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀតទង្វើ ទាំងអស់នេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរ និងជាការបំពាន​ដោយកំរោលមកលើអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ ដែលមានចែងយ៉ាងច្បាស់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ថ្វីត្បិតតែកម្ពុជាជាប្រទេសតូចជាមួយនឹងចំនួនប្រជាជនប្រមាណ១៦​លាននាក់ ក៏យើងមានកិត្តយស មោទនភាព និងការសម្រេចចិត្តផ្ទាល់ដោយមិនអនុញ្ញាតិឲ្យបរទេសណាមួយ បើទោះបីជាមហាអំណាចក៏ដោយ មកត្រួតត្រា និងកំណត់ជោគវាសនាជំនួសយើងនោះឡើយ។ ប្រជាជនកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាខ្លួនឯង និងដឹកនាំប្រទេសឆ្ពោះទៅរកការរីកចំរើន។

បញ្ហាធំបំផុតរបស់សហរដ្ឋអាមេរិកគឺថា ខ្លួនមិនបានទទួលស្គាល់អំពីកំហុសរបស់ខ្លួនក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ​ដែលជារដ្ឋឯករាជ្យមួយនោះទេ បែរជាមកគំរាមកំហែង ដាក់សំពាធដោយសារតែ កម្ពុជាបានលាតត្រដាងទាន់​ពេលវេលានូវផែនការ​ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយលោក កឹមសុខា​ និង គណបក្សសង្គ្រោះជាតិទៅវិញ។ តើអ្នកនយោបាយ​សហរដ្ឋអាមេរិក​កំពុងគិតថា ដោយសារតែសហរដ្ឋអា​មេរិកជាប្រទេសមហាអំណាច ដូច្នេះសហរដ្ឋអាមេរិកអាចធ្វើអ្វីៗគ្រប់បែប​យ៉ាងដោយមិន​បាច់មានការទទួលខុសត្រូវ សូម្បីជាមួយច្បាប់អន្តរជាតិ​ដែលអាមេរិកខ្លួនឯង​បានចូលរួមចងក្រងនិងបង្កើតឡើង។ ប្រសិនបើនេះជាអ្វីដែលអ្នកនយោបាយសហរដ្ឋអាមេរិកគិត និងជឿជាក់មែននោះ វានឹងជាគ្រោះ​ថ្នាក់​មួយដល់ច្បាប់ទំលាប់ និងស្ថេរភាពពិភពលោក ពីព្រោះថា នៅលើពិភពលោកនេះ មិនមែនមានតែសហរដ្ឋអាមេរិក​មួយនោះទេ នៅមានរដ្ឋឯករាជ្យជាច្រើនទៀត ដែលមានសិទ្ធពេញលេញក្នុងការចូលរួមចំណែក ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។

ចំនុចសំខាន់មួយទៀតដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់នោះ គឺការយកលេសដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងការការពារសិទ្ធមនុស្សរបស់សហរដ្ឋអាមេរិក ដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ករណីលោក កឹម សុខា គឺជាបទល្មើសជាក់ស្តែង ដែលមានភស្តុតាងគ្រប់គ្រាន់ មិនមែនជាការចោទប្រកាន់នយោបាយដូចដែលអ្វីសហរដ្ឋអាមេរិក កំពុងតែនិយាយនោះទេ។ ហើយបើតាមសំដីរបស់លោក កឹម សុខា​ សហរដ្ឋអាមេរិកក៏ជាអ្នកជាប់ពាក់ព័ន្ធជាមួយរឿងក្តីនេះទៅទៀត ដូច្នេះវារឹតតែមិនសាកសមដែល    សហរដ្ឋអាមេរិកព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួលផង និងជាអ្នកកាត់សេចក្តីផងនោះទេ។

ឧបមាថា សហរដ្ឋអាមេរិកពិតជាចង់លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការការពារសិទ្ធមនុស្សនៅកម្ពុជាពិតប្រាកដមែននោះ ហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនធ្វើការដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា បែរជាយកមូលហេតុទាំងអស់នេះជាខែល ដើម្បីការពារគណបក្សសង្រ្គោះជាតិ បើទោះបីគណបក្សមួយនេះប្រព្រឹត្តិកំហុស​យ៉ាងណាក៏ដោយ? នៅពេលដែលរាជរដ្ឋាភិបាល​កម្ពុជាកំពុងធ្វើការយ៉ាងស្អិតរមួតជាមួយប្រទេសជាដៃគូរ ជាពិសេសប្រទេសជប៉ុន ដើម្បីធ្វើកំណែរទម្រង់ច្បាប់បោះឆ្នោត និងគណៈកម្មាជាតិរៀបចំការបោះឆ្នោត ក្នុងគោលបំណងធានាការបោះឆ្នោតមួយដែលមានលក្ខណៈសេរី សម្ងាត់ បើកទូលាយ និងយុត្តិធម៌ យើងពុំដែលបានឮការទទួលស្គាល់ ឬការសរសើរពីសំណាក់សហរដ្ឋអាមេរិកនោះទេ ឬមួយសហរដ្ឋអាមេរិកមាននិយមន័យ នៃការធ្វើប្រជាធិបតេយ្យតូបនីយកម្មផ្សេងពីអ្វីដែលអន្តរជាតិទទួលស្គាល់។

អ្វីដែលធ្វើឲ្យសកលលោក ជាពិសេសបណ្តាប្រទេសនៅអាស៊ីបាត់បង់ជំនឿទុកចិត្តលើសហរដ្ឋអាមេរិកថា ជាមហាអំណាចមួយដែល​ស្មោះត្រង់ និងមានទំនួលខុសត្រូវនោះគឺថា នៅពេលដែលមានរឿងស្រដៀងគ្នាកើតឡើងនៅសហរដ្ឋអាមេរិក អ្នកនយោបាយសហ​រដ្ឋអាមេរិក ជាពិសេសសមាជិកព្រឹទ្ធសភា និងរដ្ឋសភាបានប្រតិកម្មយ៉ាងខ្លាំងទាមទារ ឲ្យមានការស៊ើបអង្កេត​និងដាក់ទោសធ្ងន់ធ្ងរ​ទៅដល់បុគ្គលដែលពាក់ព័ន្ធទាំងអស់នៅក្នុងសំណុំរឿងចោទប្រកាន់ថា រុស្សីបានជ្រៀតជ្រែកការបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦។ សហរដ្ឋអាមេរិចបានបង្កើតរហូតដល់គណៈកម្មការពិសេស និងឯករាជ្យមួយដើម្បីបើកការស៊ើបអង្កេត ហើយបុគ្គលមួយចំនួនត្រូវបានដាក់ទោស និងមួយចំនួនទៀតកំពុងរងការសង្ស័យ។ មិនត្រឹមតែប៉ុណ្ណោះសហរដ្ឋអាមេរិកថែមទាំងបានចងក្រងច្បាប់ផ្សេងៗ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្សីថែមទៀតផង។

បើសហរដ្ឋអាមេរិកមិនអនុញ្ញាតយ៉ាងដាច់ខាត ដល់ការជ្រៀតជ្រែករបស់បរទេសមកលើការងារផ្ទៃក្នុងរបស់ខ្លួន ហេតុអ្វីបានជាសហរដ្ឋអាមេរិកមកហាមឃាត់មិនឲ្យកម្ពុជា ប្រើប្រាស់សិទ្ធ ជារដ្ឋឯករាជ្យរបស់ខ្លួនទប់ស្កាត់ទង្វើខុសច្បាប់របស់លោក កឹម សុខា និងសមាជិកដទៃទៀតរបស់គណបក្សសង្រ្គោះជាតិ? ហេតុអ្វីបានជាសហរដ្ឋអាមេរិកប្រើប្រាស់បទដ្ឋាន​មួយសម្រាប់ខ្លួនឯង និងបទដ្ឋានអយុត្តិធម៌មួយទៀតមកលើកម្ពុជា? តើអ្វីដែលសហរដ្ឋអាមេរិកកំពុងតែធ្វើពិតជាគិត ដល់ប្រយោជន៍របស់ប្រជាជនកម្ពុជា ដូចអ្វីដែលអ្នកនយោបាយសហរដ្ឋអាមេរិកកំពុងទន្ទិញមិនដាច់ពីមាត់ដែរឬទេ?

តាមពិតទៅ រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែចាត់វិធានការទៅលើក្រុមថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ដែលមានការពាក់ព័ន្ធជាមួយ​គម្រោងក្បត់ជាតិនេះតែប៉ុណ្ណោះ ប្រសិនបើរាជរដ្ឋភិបាលកម្ពុជាធ្វើដូចអ្វី​ដែលអ្នកនយោបាយសហរដ្ឋអាមេរិក​កំពុងតែធ្វើ គឺការបង្កើត​ឲ្យមាន​គណៈកម្មាពិសេសមួយដើម្បីធ្វើការស៊ើបអង្កេតអ្នកជាប់ពាក់ព័ន្ធទាំងអស់ អ្នកដែលត្រូវទទួលទោសនិង​ជាប់សង្ស័យនឹងមានច្រើនជាងនេះទៅទៀត។ ជាក់ស្តែង អង្គការសង្គមស៊ីវិល​មួយចំនួនដែលទទួលថវិកាពីបរទេស​ ដើម្បីបម្រើគោលដៅរបស់ម្ចាស់ជំនួយ ហើយអនុវត្តផ្ទុយអំពីលក្ខន្តិកៈ និងច្បាប់របស់កម្ពុជា ក៏អាចនឹងជាគោលដៅនៃការស៊ើបអង្កេតនេះដែរ។ ការយោគយល់នេះធ្វើឡើងដោយឈរលើមូលហេតុ ចម្បងមួយគឺថាអ្នកដែលពាក់ព័ន្ធដទៃទៀតមិនបានដឹងអំពីគោលបំណងដ៏គ្រោះថ្នាក់របស់លោក កឹម សុខា និងបក្សពួករបស់លោកនោះទេ។

ការទាមទាររបស់សហរដ្ឋអាមេរិកឲ្យដោះលែងលោក កឹម សុខា និងលុបចោលការសម្រេចចិត្តរបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្រ្គោះជាតិ គឺផ្ទុយពីគោលការណ៍និតិរដ្ឋ បានន័យថាបុគ្គលណាក៏ដោយមិនថាមានឋានៈ សក្តិយស ទ្រព្យសម្បតិ្ត និងជនជាតិអ្វីក៏ដោយ គឺត្រូវប្រឈមចំពោះមុខច្បាប់ដូចៗគ្នា។ ការពង្រឹងនិតិរដ្ឋនេះក៏ជាអ្វីដែល សហរដ្ឋអាមេរិចតែងប្រាប់ឲ្យកម្ពុជាប្រឹងប្រែងអនុវត្តផងដែរ ចុះហេតុអ្វីក្នុងករណីលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ សហរដ្ឋអាមេរិក ជាពិសេសសមាជិកព្រឹទ្ធសភា និងសមាជិកសភារបស់សហរដ្ឋអាមេរិច មកធ្វើការរាំងស្ទះមិនអោយអនុវត្តទៅវិញ ថែមទាំងគំរាមកំហែងដាក់ទណ្ឌកម្មថែមទៀត ប្រសិនបើកម្ពុជានៅតែមិនផ្លាស់ប្តូរគោលជំហរ ទៅតាមការបង្គាប់បញ្ជារបស់ពួកគេ។

ជាចុងបញ្ចប់ ប្រសិនបើសហរដ្ឋអាមេរិកពិតជាគិតគូទៅដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដមែននោះ សហរដ្ឋអាមេរិកត្រូវគាំទ្រគណបក្សនយោបាយណាដែលយកសន្តិភាព និងស្ថេរភាពជាគោលការណ៍គ្រឹះនៃគោលនយោបាយរបស់ខ្លួន មិនមែនគណបក្សនយោបាយដែលយកការញុះញង់បង្ករហឹង្សាក្នុងគោលបំណងរុញច្រាន ប្រទេសឲ្យធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្រ្គាមគ្មានទីបញ្ចប់នោះទេ។ កម្ពុជាបានស្គាល់ច្បាស់ហើយ ហើយពិតជាមិនចង់ឲ្យកូនចៅជំនាន់ក្រោយរបស់ពួកយើងរងការលំបាក ឈឺចាប់ និងបាត់បង់ជីវិតដូចអ្នកជំនាន់មុនដែលជាជនរងគ្រោះ នៃការជ្រៀតជ្រែករបស់ពួកមហាអំណាចមកលើកិច្ចការផ្ទៃក្នុងប្រទេសនោះ​ទេ។ កម្ពុជាមិនមែនជាមន្ទីរពិសោធន៍ ដែលបរទេសអាចមកសាកល្បងម្តងហើយម្តងទៀតនោះទេ ហើយបោះបង់កម្ពុជាឲ្យរស់តាមយថាកម្មនៅពេលការពិសោធន៍របស់ខ្លួនបរាជ័យនោះទេ។
កម្ពុជាបច្ចុប្បន្នគឺជាកម្ពុជាដែលផ្តល់ក្តីសង្ឃឹមដល់ប្រជាជនគ្រប់រូប ជាពិសេសអ្នកជំនាន់ក្រោយរបស់យើងទាំងអស់គ្នា៕

ដោយ៖ វេទិកាកម្ពុជាឆ្ពោះទៅមុខ