(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំប្រឡងជ្រើសរើសសិក្ខាកាមចូលរៀន វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី១៨ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ១៤៨នាក់។
ការប្រឡងនេះ បានរៀបចំឡើងនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) រាជធានីភ្នំពេញ ដែលជាសាកលវិទ្យាល័យទទួល បានការឯកភាពឲ្យរៀបចំការបណ្តុះបណ្តាលវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ខាងលើ ពីក្រសួងទេសចរណ៍ សម្រាប់ភាសាឯកទេសចំនួន ៩ភាសា រួមមាន៖ ១) ភាសាអង់គ្លេស ២) ភាសាចិន ៣) ភាសាកូរ៉េ ៤) ភាសាជប៉ុន ៥)ភាសាវៀតណាម ៦) ភាសាអេស្ប៉ាញ ៧) ភាសាថៃ ៨) ភាសារុស្ស៊ី និង ៩) ភាសាបារាំង។
សិក្ខាកាមដែលប្រឡងជាប់វិញ្ញាសាសរសេរនាពេលនេះ នឹងត្រូវអនុញ្ញាតឲ្យប្រឡងវិញ្ញាសាផ្ទាល់មាត់ភាសាឯកទេស ក្នុងដំណាក់កាលបន្ទាប់ ហើយបេក្ខជនប្រឡងជាប់វិញ្ញាសាទាំងពីរ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រយៈពេល៤ខែ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងចុះកម្មសិក្សារយៈពេល២ខែ តាមក្រុមហ៊ុនទេសចរណ៍នានា។ បន្ទាប់ពីសិក្សាប្រកបដោយជោគជ័យ សិក្ខាកាមត្រូវស្នើសុំអាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍រាជធានី ខេត្ត។
ការប្រឡងវិញ្ញាសាសរសេរខាងលើ មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់។
សូមរំលឹកផងដែរថា បច្ចុប្បន្នកម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង ៥០០០នាក់ ហើយដើម្បីឆ្លើយតបនឹងកំណើនទេសចរប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍សរុបប្រមាណ ១ម៉ឺននាក់។
បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ ៦២ម៉ឺននាក់ ហើយតាមការព្យាករណ៍ នៅឆ្នាំ២០២០ នឹងបង្កើតការងារផ្ទាល់ចំនួន ១លាននាក់, ឆ្នាំ២០២៥ ប្រមាណ ១,២លាននាក់ និងឆ្នាំ២០៣០ ប្រមាណ ១,៧លាននាក់។
នេះជាលើកទី១ ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសហការជាមួយក្រសួងទេសចរណ៍រៀបចំការប្រឡងជ្រើសរើសសិក្ខាកាមឱ្យចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ភ្នំពេញ និងតំបន់ជុំវិញ ដើម្បីបំពេញតម្រូវការទីផ្សារការងារវិស័យឧស្សាហកម្មទេសចរណ៍ ៕