(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានប្រាប់ប្រជាពលរដ្ឋចំនួន៩គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយនឹងលោក ជំទាវលី អ៊ុំអេង និងឈ្មោះពិន ប៉ាវ ដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីរកយុត្តិធម៌បន្ត ព្រោះអាជ្ញាធរខេត្តមិនមានសមត្ថកិច្ចដោះស្រាយ ទំនាស់ដីធ្លីនេះតទៅទៀតទេដោយសារតែដីនោះ សាលាខេត្តបានចេញប័ណ្ណកម្មសិទ្ធិទៅអោយលោកជំទាវលី អ៊ុំអេង និងឈ្មោះ ពិន ប៉ាវ រួចទៅហើយ ដូចនេះបើចង់ប្ដឹង មានតែប្ដឹងទៅតុលាការទេ។
លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់ប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយ លោកជំទាវលី អ៊ុំអេង និងឈ្មោះពិន ប៉ាវ យ៉ាងដូច្នេះ ខណៈដែលលោកបានអនុញ្ញាតអោយប្រជាពលរដ្ឋ ខាងលើចូលជួបកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានពិតដល់លោក បន្ទាប់ពីពាក្យបណ្ដឹង និងលិខិតសុំអន្តរាគមន៍នានា របស់ពួកគាត់មិនត្រូវបានដោះស្រាយក្នុងករណីដីមានទំនាស់ ដែលភាគីពលរដ្ឋអះអាងថា ដីពួកគាត់ត្រូវបានលោកជំទាវ លី អ៊ុំអេង និងលោក ពិន ប៉ាវ រំលោភយករហូតដល់មន្ត្រីជំនាញបានចេញប្លង់ កម្មសិទ្ធិជូនលោកជំទាវ និងលោក ពិន ប៉ាវ ខណៈដែលពួកគាត់អះអាងថា ខាងអាជ្ញាធរមិនបានអើពើ ក្នុងការដោះស្រាយផ្ទៀងផ្ទាត់រាល់ ឯកសាររបស់ភាគីម្ខាងទៀតឲ្យ បានពេញលេញទោះបីមានការសង្ស័យថា ឯកសាររបស់ភាគីលោកជំទាវលី អ៊ុំអេង និងឈ្មោះពិន ប៉ាវ មាន ការកោសលុប និងមានភាពមិនប្រក្រតីក៏ដោយ។
ប៉ុន្តែលោកអភិបាលខេត្ត បានថ្លែងប្រាប់ប្រជាពលរដ្ឋថា ករណីប្រជាពលរដ្ឋប្ដឹងខាងលើ រឿងនេះក៏បានជ្រាបទៅដល់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរដោយលោកអះអាងថា “ខ្ញុំក៏បានរាយការណ៍ជូនសម្ដេចហើយលោកបន្ថែមថា «ខ្ញុំចង់រកយុត្តិធម៌ជូនប្រជាពលរដ្ឋ មិនមែនគេចទេ» តែដីនេះ មានប័ណ្ណកម្មសិទ្ធិ អាជ្ញាធរមិនអាចដោះស្រាយបានទេ បើចង់រកដំណោះស្រាយ មានតែប្ដឹងទៅតុលាការ។
ចំណែកប្រជាពលរដ្ឋ បានលើកជាចម្ងល់ថាពេលដែលដីនេះ នៅមិនទាន់ចេញប័ណ្ណកម្មសិទ្ធិ អោយទៅភាគីទំនាស់ម្ខាងទៀត ហើយស្ថិតនៅក្នុងការដោះស្រាយរបស់អាជ្ញាធរជំនាញ ហេតុអ្វីក៏អាជ្ញាធរមិនព្រមធ្វើការដោះស្រាយតាម បណ្ដឹងរបស់ប្រជាពលរដ្ឋ គឺមិនបានកោះហៅប្រជាពលរដ្ឋ ទៅជួបដោះស្រាយតទល់គ្នាម្ដងណាឡើយ ទោះបីប្រជាពលរដ្ឋបានដាក់ពាក្យ បណ្ដឹងជំទាស់ជាបន្តបន្ទាប់ក៏ដោយ។ លុះពេលចេញប័ណ្ណកម្មសិទ្ធិអោយទៅគូទំណាស់ហើយ ទើបយកលេសថាដីមានប័ណ្ណកម្មសិទ្ធិ មាន តែតុលាការទេទើបមានសមត្ថកិច្ចដោះស្រាយទៅវិញ ខណៈពួកគាត់ដែលជាប្រជាពលរដ្ឋធម្មតា មិនមានលទ្ធភាពធ្វើការប្ដឹងផ្ដល់ទៅតុលាការ ដោយមិនសង្ឃឹមថា នឹងទទួលបានយុត្តិធម៌នោះ ព្រោះភាគីម្ខាងទៀតគេមានលុយ។
សូមបញ្ជាក់ថា ដីខាងលើត្រូវបានសម្ដេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់គ្រប់គ្រង និងដាំដុះជាក់ស្ដែងនៅក្នុងបរិវេណដីបុរីសណ្ឋាគារអង្គរ ក្រុងសៀមរាបតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៦។ ហើយពួកគាត់ជាអ្នកមានបង្កាន់ដៃ និងជាអ្នកគ្រប់គ្រងជាក់ស្ដែងដែលមានឯកសារកាន់កាប់ និងទទួលស្គាល់ពីអាជ្ញាធរ តែបែរជាមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធបានចេញប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដែលមានពីរប័ណ្ណឲ្យទៅឈ្មោះ លី អ៊ុំអេង និងឈ្មោះ ពិន ប៉ាវ ទៅវិញ។ ចំណែកពួកគាត់ទាំង ៩គ្រួសារ នៅតែទទូចសុំអំពាវនាវចំពោះ លោកអភិបាលខេត្តសៀមរាប អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោហ៊ុន សែន មេត្តាជួយផ្ដល់យុត្តិធម៌ជូនពួកគាត់ដោយសេចក្ដីអនុគ្រោះ ដ៏ខ្ពង់ខ្ពស់ផង ព្រោះករណីទំនាស់ដីធ្លីដែលអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិទៅអោយលោកជំទាវលី អ៊ុំអេង និងលោកពិន ប៉ាវ មានភាពមិន ប្រក្រតីនេះ គឺមានតែសម្ដេចទេដែលអាចសើរើបាន។
ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានគ្រប់គ្រងកាន់កាប់ និងអាស្រ័យផលលើដីទាំង នេះ ដោយមានបង្កាន់ដៃទទួលពាក្យកាន់កាប់ស្របច្បាប់ ពីអាជ្ញាធរមានសមត្ថកិច្ចកាលពីកំឡុងឆ្នាំ១៩៩៥ គឺពួកគាត់មានឈ្មោះ ជូរ ស៊ីថា, សេង សុគន្ធា ហៅ សេង ស្រីមុំ, វង់ វិត, ទូច ណាវី, អឿន គីរីពេជ្រ, មៀន មុត, ដួង ភាវ និង គាត សុន (បច្ចុប្បន្ន១គ្រួសាររស់នៅស្រុកពួក និង ៧គ្រួសារ រស់នៅក្រុងសៀមរាប) បានទិញនិងកាន់កាប់ដីស្រែ/ចំការ ក្នុងម្នាក់មួយក្បាលដី ដែលមានផ្ទៃដីសរុបចំនួន ៨,៩៧ហិកតា ស្ថិតនៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប (បច្ចុប្បន្នសង្កាត់ស្លក្រាមក្រុងសៀមរាប) ខេត្តសៀមរាប។ លុះនៅឆ្នាំ២០០១ ដីនេះ ត្រូវបានអាជ្ញាធរ អប្សរាហាមឃាត់មិនឱ្យពួកគាត់ចូលបង្កបង្កើនផលដោយសំអាងថា ជាដីរបស់រដ្ឋ «បុរីសណ្ឋាគារអង្គរ សៀមរាប»។
ក្រោយមកពួកគាត់ ត្រូវបានខាងអាជ្ញាធរអប្សរា ហៅទៅដោះស្រាយគោលនយោបាយ ប៉ុន្ដែពួកគាត់មិនព្រមទទួលយកនូវដំណោះស្រាយនោះឡើយ។ ពួកគាត់ថា ក្នុងន័យនេះគឺបានសេចក្ដីថា ខាងអាជ្ញាធរអប្សរា ដែលជាអ្នកគ្រប់គ្រងដីនៅក្នុងតំបន់បុរីសណ្ឋាគារអង្គរផ្ទាល់នោះ ពិតជាទទួលស្គាល់ និងមានឯកសារត្រឹមត្រូវសំគាល់ថា ពួកគាត់ពិតជាម្ចាស់ដីទាំងនោះពិតប្រាកដមែន។នៅឆ្នាំ២០១៦ ដោយមានអនុក្រឹត្យលេខ១៥៨ អនក្រ.បក ពួកគាត់ ក៏បានចុះទៅពិនិត្យរៀបចំបង្គោលព្រំដីនោះឡើងវិញ ដើម្បីសុំជាកម្មសិទ្ធិស្របច្បាប់ តែបែរជាឃើញមានឈ្មោះលី អ៊ុំអេង និងបុគ្គលផ្សេង បាន ទៅរំលោភបោះបង្គោល ឈូសឆាយ រំលាយព្រំដីរបស់ពួកគាត់ទៅវិញ។
បន្ទាប់មកពួកគាត់ ក៏បានស្នើសុំឱ្យអភិបាលខេត្តសៀមរាប និងអគ្គនា យកអាជ្ញាធរអប្សរា សហប្រធានក្រុមការងារ នៃគណៈកម្មការអនុវត្តអនុក្រឹត្យលេខ១៥៨ ជួយចុះអន្តរាគមន៍ ទប់ស្កាត់ និងដោះស្រាយ នូវការ រំលោភបំពានដោយឈ្មោះលី អ៊ុំអេង និងបក្ខពួករបស់គាត់ ហើយពួកគាត់ក៏បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តសៀមរាប ។ ក្នុងនោះខាងសហប្រធាន(រដ្ឋបាលសាលាខេត្តសៀមរាប) មិនបានកោះហៅពួកគាត់ទៅបំភ្លឺ និងដោះស្រាយម្ដងណាឡើយ រហូតដល់ខាងរដ្ឋបាលខេត្តបានសម្រេចបំបែកក្បាលដី របស់ពួកគាត់ប្រគល់ជូនឈ្មោះ លី អ៊ុំអេង និងឈ្មោះ ពិន ប៉ាវ ទៅវិញ គឺពួកគាត់មិនសុខចិត្តទេ ។
ចំណែកខាងពលរដ្ឋ ក៏បានបង្ហាញឯកសារបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ ហើយបានសម្រេច យកដីមកបែងចែកជាពីរ គឺសម្រេចឱ្យឈ្មោះ ពិន ប៉ាវ ទទួលបានដីទំហំ ១០,៧១ ហិកតា និងលោកស្រី លី អ៊ុំអេង ទទួលបានដីទំហំ ៩,៤០ហិកតា ដែលទីតាំងដីនេះស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។តាមឯកសារដែលពួកគាត់បង្ហាញ ឃើញថា ឆ្លើយតបទៅនិងការ សម្រេចរបស់អង្គប្រជុំ នៃរដ្ឋបាលខេត្តសៀមរាប ខាងអាជ្ញាធរអប្សរា បានសំណើសុំកោះប្រជុំឡើងវិញ លើរាល់ការសម្រេចផ្សេងៗ របស់រដ្ឋបាល ខេត្តសៀមរាប ។
ដោយផ្អែកតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ត្រង់មាត្រា៤ ចែងថា “អាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា ត្រូវសហការអនុវត្តអនុក្រឹត្យ នេះឱ្យមានប្រសិទ្ធិភាព ត្រូវអនុវត្តន៍ការងាររួមគ្នាដើម្បីពិនិត្យ និងដោះស្រាយរាល់ករណី ដែលពាក់ព័ន្ធក្នុងតំបន់បុរីសណ្ឋាគារ។ ប៉ុន្តែសំណើរបស់ អប្សរាបញ្ជាក់ថា ឆ្លងតាមស្មារតីនេះ គ្មានភាគីណាមួយតែឯកឯងអាចធ្វើការសម្រេចផ្សេងៗ ជាឯកតោភាគីបានឡើយ ក្នុងការអនុវត្តអនុក្រឹត្យលេខ ១៥៨ នៅមុនពេលពិនិត្យ និងសម្រេចកិច្ចការអ្វីមួយ ។ តែថ្មីៗនេះ ដែលចេញពីការដឹកនាំប្រជុំរបស់ ឯកឧត្តមអភិបាលផ្ទាល់ ដើម្បីអនុវត្តអនុក្រឹត្យ លេខ ១៥៨ គឺភាគីអាជ្ញាធរអប្សរា ពុំត្រូវបានអញ្ជើញឱ្យចូលរួមដឹកនាំប្រជុំ ក្នុងនាមជាសហប្រធាននោះទេ។
ដូច្នេះសេចក្ដីសម្រេចដោយឯកតោភាគី ហើយអាជ្ញាធរអប្សរាមិនឯកភាព ដោយការសម្រេចនេះធ្វើឱ្យប៉ះពាល់ និងបាត់បង់ផ្ទៃដីដែលគណៈកម្មការអន្តរក្រសួងបានដោះស្រាយគោល នយោបាយរួច ។ប្រជាពលរដ្ឋថែមទាំងបាន គូសបញ្ជាក់ថា យោងតាមពាក្យបណ្ដឹងលើសំណុំរឿងរក្សាការពារលេខ ១៣៣ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ និងដីកាសម្រេចលេខ ០២ ពស.រវ «ក» ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ដោយលោក ងួន ណារ៉ា ចៅក្រមសាលាដំបូងខេត្តសៀមរាប បានចេញដីកា សម្រេចរក្សាការពារ ហាមឃាតមិនឱ្យសហកូនបំណុលឈ្មោះ លី អ៊ុំអេង និងឈ្មោះ ជា កុកទ្រី ធ្វើការចាត់ចែងផ្សេងៗ ដូចជា ការលក់ការដូរ ប្រទានកម្ម ការបង្កើតសិទ្ធិលើការបញ្ចាំ និងការបង្កើតហ៊ីប៉ូតែក ជាដើម លើក្បាលដីលេខ ៤៩៨៩ និងក្បាលដីលេខ ៤៩៩០ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្ដោះអាសន្ន ព្រោះមានសិទ្ធិ និងទំនាក់ទំនងគតិយុត្តិដែលនឹងត្រូវរក្សាការពារកាលពីកំឡុងឆ្នាំ១៩៩៥ សហម្ចាស់បំណុល បានទិញដីដែលមានទីតាំងស្ថិតនៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាបខេត្តសៀមរាប ។
ម្យ៉ាងទៀត បើតាមលិខិតរបស់រដ្ឋបាល ខេត្តសៀមរាបលេខ ៤៥២/១៧ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដែលបានគោរពជូនលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងកម្មវត្ថុ ករណីឈ្មោះជូរ ស៊ីថា, សេង សុគន្ធា, វង់ វិត, ទូច ណាវី ,អឿន គីរីពេជ្រ, មៀន មុត, ដួង ភាវ និង គាត សុន ស្នើសុំ ជួយអន្តរាគមន៍ទប់ស្កាត់ការចេញប័ណ្ណកម្មសិទ្ធិ ខុសនីតិវិធីច្បាប់លើក្បាលដីលេខ ៤៩៨៩ និងក្បាលដីលេខ ៤៩៩០ ។
យោងលិខិត៣២៣ ដនស/ អសដភ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តបតាមកម្មវត្ថុ និងយោងខាងលើ អភិបាលខេត្ត សៀមរាប បានគោរពជម្រាបជូនថា កន្លងមករដ្ឋបាលខេត្តបានធ្វើការប្រជុំពិនិត្យ ពិភាក្សាលើឯកសារដែលជាមូលដ្ឋានដោះស្រាយ ដើម្បីបញ្ចប់ ទំនាស់នេះ ជាលទ្ធផល រដ្ឋបាលខេត្ត ពិនិត្យឃើញថា ទីតាំងដីទំនាស់នេះ បានធ្វើការចុះបញ្ជីរួចរាល់ហើយកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៩៤ ឲ្យ ទៅឈ្មោះពៅ សិដ្ឋ។
ដោយឡែកភាគីដែលកាន់កាប់ចុងក្រោយ គឺឈ្មោះ លី អ៊ុំអេង ទើបរដ្ឋបាលខេត្ត បានឯកភាពប្រគល់សិទ្ធិជាកម្មសិទ្ធិលើភាគី ណាដែលមានឯកសារត្រឹមត្រូវតាមច្បាប់ ជាមួយគ្នានេះដែរក្រុមការងារលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានចុះមកធ្វើការនេះ រួចរាល់ហើយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ ទោះបីជាអាជ្ញាធរធ្វើការពន្យល់យ៉ាងដូច្នេះក្ដី ក៏ភាគីប្រជាពលរដ្ឋនៅតែចាត់ទុកថាដំណោះស្រាយនេះ មានភាពមិនប្រក្រតីដដែល ព្រោះប័ណ្ណកម្មសិទ្ធិ របស់ឈ្មោះ ពៅ សិទ្ធិ ទាំងពីរប័ណ្ណដែលចេញតាំងពីឆ្នាំ១៩៩៤នោះ គឺមានស្នាមកោសលប់នៅត្រង់កន្លែងលេខទំហ៊ំផ្ទៃដី ដែលគេសង្ស័យថាប័ណ្ណទាំងពីរ ខាងជាប័ណ្ណត្រឹមត្រូវ មានទំហ៊ំផ្ទៃដីតូច តែគេអាចកោសលប់កែទំហ៊ំផ្ទៃដី អោយធំដើម្បីគ្របយកដីរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះ។
សូម្បីតែលិខិតផ្ទេរសិទ្ធិ មានប្រជាពលរដ្ឋពីររូប ដែលត្រូវជាឪពុក (ម៉ាត់ ហាលីម) និងកូនប្រុស (ម៉ាត់ លាស់) បានធ្វើការបដិសេធថា នៅក្នុងឯកសារដែលមានឈ្មោះ របស់ពួកគាត់ និងស្នាមមេដៃប្រាកដជាមិនមែនជា ស្នាមមេដៃរបស់ពួកគាត់នោះទេ (គឺជាមេដៃក្លែងក្លាយ) ហើយសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាធ្វើ កោសល្យវិច័្ចយអោយបានត្រឹមត្រូវផង ព្រោះនៅឆ្នាំ១៩៩៥ កូនប្រុសរបស់គាត់ទើបតែមានអាយុ ១៤-១៥ឆ្នាំប៉ុណ្ណោះ តើគាត់មានសិទ្ធិឯណាក្នុងការផ្ទេរ សិទ្ធិនៅលើឯកសារដីធ្លីនោះ ហើយម្យ៉ាងទៀតពួកគាត់មិនមានដីធ្លី នៅតំបន់នោះឡើយ។ ដូច្នេះហើយ ទើបពួកគាត់សុំអង្វកយ៉ាងទទូច សូមអោយសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៏សើរើទំនាស់ដីធ្លីនេះឡើងវិញ ដោយក្ដីអនុគ្រោះផង៕