(កំពង់ឆ្នាំ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអាវុធគីមី បានរៀបចំវគ្គបណ្តុះបណ្តាលមួយ នៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍បណ្ឌិត ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ដោយមានការចូលរួមពីតំណាងដៃគូជាតិ និងអន្តរជាតិមួយចំនួន។
វគ្គបំប៉ននេះ ធ្វើឡើងក្នុងគោលបំណងជួយពង្រឹងសមត្ថភាពមន្រ្តី ក្នុងការកាត់បន្ថយ ហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ដែលឆ្លើយតប សន្តិសុខ សុវត្ថិភាពភាពជីវសាស្ត្រ ការបង្កើនការយល់ដឹង និងក្របខណ្ឌគតិយុត្ត នៅឃុំលង្វែក ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ ជ័យ សុន បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៣មក ពាក់ព័ន្ធការកាត់បន្ថយហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លេអ៊ែរ នេះ ដែលផ្តួចផ្តើមរបស់ EU & UNICRI មានចំនួន១៩គម្រោងកម្ពុជា ដែលបានចូលរួមទទួលផលចំនួន១៥ គម្រោងក្នុងនោះគម្រោងដែលស៊ីចង្វាក់គ្នា ជាមួយគម្រោងលេខ៤៦នេះ មានដូចជា៖ គម្រោងលេខ៤ លេខ៨ លេខ១១ លេខ២២ និងលេខ២៣ ហើយគម្រោងទាំងនេះបានបញ្ចប់អស់ហើយ និងបានបន្សល់ទុកនៅការយល់ដឹងសម្រាប់យើង និងសមិទ្ធផលនានា។
នាយឧត្តមសេនីយ៍ ជ័យ សុន បានបន្តថា ការហ្វឹកហ្វឹននេះ កម្លាំងបានឆ្លើយតបមានសារៈសំខាន់ណាស់សម្រាប់អាជ្ញាធរជាតិអាវុធគីមី ដោយហេតុថាយើង បានរកឃើញអាវុធគីមីកាកសំណល់សង្គ្រាមនៅក្នុងទសវត្សឆ្នាំ១៩៦០ នៅលើទឹកដីភាគខាងកើតជាប់តំបន់ព្រំដែនកម្ពុជា-វៀតណាម។
នាយឧត្តមសេនីយ៍ ជ័យ សុន បានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតលើកទី១ បានបញ្ចប់ដោយជោគជ័យកាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅ និងប្រុងប្រៀបចេញប្រតិបត្តិការលើកទី២ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដូច្នេះវគ្គបំប៉ននេះ មានសារៈសំខាន់ណាស់សម្រាប់កងកម្លាំង ដើម្បីឆ្លើយតបក្នុងការបង្កើនសមត្ថភាព និងការចុះអនុវត្តជាក់ស្តែង ហើយវគ្គបំប៉ននេះក៏ជូនពេលដែលយើងប្រុងប្រៀងកម្លាងចុះប្រតិបត្តិការផងដែរ៕