(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវឲ្យសាធារណជន ប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ និងប្រព្រឹត្តនូវអំពើល្អ សូមបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពការប្រើអំពើហិង្សា ទៅលើអ្នកបើកបរ និងយានយន្ដ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ច ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
បើតាមសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពប្រតិបត្តិ អនុវត្តឲ្យបានត្រឹមត្រូវ តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការប្រើប្រាស់ផ្លូវថ្នល់ និងក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ដើម្បីចូលរួមទទួលខុសត្រូវចំពោះអំពើខុសច្បាប់ ដែលខ្លួនបានប្រព្រឹត្ត ក្នុងពេលធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ។
ការអំពាវនាវរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងបន្ទាប់ពីមើលឃើញថាក្នុងរយៈពេលថ្មីៗនេះ មានករណីប្រើអំពើហិង្សា ការវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ចំនួន០២ករណី ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បង្កឲ្យអ្នកបើករថយន្ដចំនួន០២នាក់ បានទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា សកម្មភាពទាំងអស់នេះ បានធ្វើឲ្យប្រាស់ចាកអំពីការអនុវត្ដច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងប្រាសចាកពីសីលធម៌សង្គម ទាំងជនបង្កគ្រោះថ្នាក់ និងជនដែលប្រើអំពើហិង្សារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានប្រពៃណីថ្លៃថ្នូរ ក្នុងការគោរពប្រតិបត្តិច្បាប់ និងជាអ្នកកាន់ព្រះពុទ្ធសាសនា៕