(កំពង់ស្ពឺ)៖ វត្តអំពែភ្នំ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៦៣២ ដោយមានម្ចាស់ដីឈ្មោះលោកតា អំ ដែលជាអ្នកគង្វាលពពែ។ បច្ចុប្បន្ន វត្តអំពែភ្នំ បានក្លាយជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ ឃុំសុពណ៌ទេព និងឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រពីភ្នំពេញ និងមានចម្ងាយ ២គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។
បើតាមប្រវត្តិសាស្ត្រដំណាលតៗគ្នាមកថា វត្តអំពែភ្នំនេះ ដើមឡើយមានព្រះចៅអធិការព្រះនាម សូរ បូន បានគ្រប់គ្រងមុនគេបង្អស់ និងជាអ្នកកសាងទីទួលអារាមនេះ បន្ទាប់ពីលោកតា អំ។ បើគិតមកដល់ពេលនេះ វត្តអំពែភ្នំ មានព្រះអធិការ ចំនួន៨អង្គហើយ ដែលបានគ្រប់គ្រងវត្តនេះ។ តាមប្រវត្តិខ្លះ បានសសេរថា វត្តនេះត្រូវបានកសាងនាឆ្នាំ១៦៣២ ក្នុងសតវត្សទី១៦ ក្នុងសម័យកាលព្រះសុវណ្ណកោដិអង្គឌួង រាជវាំងឧដុង្គ ដែលស័មយនោះ វត្តអំពែភ្នំមានបរិវេណ ពោរពេញទៅដោយធម្មជាតិស្អេកស្កះ និងមានកូនភ្នំចំនួន២ មានគន្លាតពីគ្នាប្រហែល៥០ម៉ែត្រ។ ទាំងនេះបានធ្វើឲ្យអ្នក មានជំនឿតែងមកបែរបន់ និងក្លាយជាតំបន់ស័ក្តិសិទ្ធិមកដល់ពេលនេះផងដែរ។
តាមការតំណាលទៀតសោត បានឲ្យដឹងថា ចំពោះម្ចាស់ដីឈ្មោះលោកតា អំ ជាអ្នកគង្វាលសត្វពពែ បម្រើការឲ្យស្តេចនាព្រះរាជវាំងក្រុងឧដុង្គ។ ដោយមានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោកតាបានសម្រេចចិត្តទួលថ្វាយសុំ ព្រះសុវណ្ណកោដិអង្គឌួង មករស់នៅទីអារាមអំពែភ្នំនេះ។ ដោយមានការអាណិតអាសូរ ព្រះសុវណ្ណ កោដិអង្គឌួង ក៏សព្វព្រះទ័យ មានបច្ច័យ និងសត្វពពែប្រមាណ១០ក្បាល។ លុះបានមករស់នៅ លោកតា អំ បានថែរក្សាដីទីនោះ និងយកសត្វពពែដែលព្រះសុវណ្ណកោដិអង្គ ឌួង ប្រគល់ឲ្យចញ្ចឹមនៅទីនោះផងដែរ និងបានប្រែក្លាយទីអារាមអំពែភ្នំ ល្បីខ្ទរខ្ទារ។
ដោយសារតែភាពល្បីល្បាញ និងរីកចម្រើនផ្នែកជំនឿព្រះពុទ្ធសាសនានេះហើយ បានឮដល់បព្វជិតមួយអង្គឈ្មោះ សូ រស់នៅខេត្តសំរោងទង មានចិត្តជ្រះថ្លា មកសិក្សារៀនធម៌វិន័យរបស់ព្រះពុទ្ធ។ ពេលនោះព្រះអង្គ សូ ក៏បានទាក់ទង និងបព្វជិតមួយអង្គទៀតឈ្មោះ និល ទៀង ដើម្បីបានមករៀនសូត្រនៅប្រទេសថៃ។ ក្រោយពីបានសិក្សារៀនសូត្រអស់កាលយូក្នុងប្រទេសថៃមក ព្រះអង្គទាំង២ បានក្លាយទៅជាព្រះធម្មាចារ្យ មានសមត្ថភាពស្មើៗគ្នា។ ក្រោយពីសិក្សាទទួលបានចំណេះដឹងខ្ពង់ខ្ពស់ហើយ ព្រះអង្គទាំង២ បានវិលមកស្រុកកំណើតវិញ។ ពេលមកដល់ប្រទេសកម្ពុជា ព្រះអង្គ និល ទៀង ត្រូវបានសម្តេចព្រះបាទនរោត្តម ថ្វាយគោរម្យងារជាសម្តេចព្រះសង្ឃរាជទី១ នៃគណៈមហានិកាយ។
ចំណែកព្រះអង្គ សូ បានធ្វើដំណើរដល់ខេត្តសំរោងទង ជាស្រុកកំណើត។ ដោយមានបំណងចង់ពង្រីកវិស័យសាសនា និងផ្សព្វផ្សាយធម៌វិន័យ ព្រះអង្គបានមកកាន់វត្តអំពែភ្នំ ដោយសុំបិណ្ឌបាតដីវត្តអំពែភ្នំទាំងមូលពីលោកតា អំ ទុកសម្រាប់កសាងវត្ត និងធម៌វិន័យទៅអនាគត (តែលោកតា អំ ក៏រស់នៅទីនោះ ដែរ)។ ប៉ុន្តែ ថ្វីត្បិតតែលោកតា អំ បានប្រគល់ដីនេះទៅឲ្យព្រះអង្គ សូ មែនហើយ លោកតា អំ ក៏បានស្នើសុំឲ្យព្រះអង្គ សូ ចារិកឈ្មោះឲ្យជាប់ជាមួយវត្តនេះ តាមបំណងដែលគាត់រួមមាន៖ ទី១-ខ្ញុំព្រះអង្គធ្លាប់នៅជាអ្នកបម្រើស្តេចតាំងពីក្មេង ទី២-ខ្ញុំព្រះអង្គជាអ្នកគង្វាលពពែ និងជាអ្នកបោសសម្អាតដីនៅទីនេះជាយូរមកហើយ។ ដោយមានការស្នើសុំនេះ ទើបទីអារាមនេះត្រូវបានគេដាក់ឈ្មោះ ថាវត្តអំពែភ្នំ (អំ+ពែ+ភ្នំ) តាំងពេលនោះមកដល់សព្វថ្ងៃនេះ។
យោងតាមសំណេរកក់ត្រារបស់ចាស់ៗ បានឲ្យដឹងថា ព្រះអធិការចំនួន៨អង្គ ដែលគង់ចាំព្រះវស្សានោះមាន៖ ទី១-ព្រះអធិការព្រះនាម សូ គ្រប់គ្រងវត្តបាន ៥៤វស្សា ចូលអនិច្ចធម្មឆ្នាំ១៦៨៦ ទី២-ព្រះអធិការព្រះនាម អុង គ្រប់គ្រងវត្តបាន ៥៣វស្សា ចូលអនិច្ចធម្មឆ្នាំ១៧៣៧ ទី៣-ព្រះអធិការព្រះនាម កឹង គ្រប់គ្រងវត្តបាន ៥១វស្សា ចូលអនិច្ចធម្មឆ្នាំ១៧៨៧ ទី៤-ព្រះអធិការ ព្រះនាម ទុយ គ្រប់គ្រងវត្តបាន ៤៥វស្សា ចូលអនិច្ចធម្មឆ្នាំ១៨៣៥ ទី៥-ព្រះអធិការព្រះនាម ហែម គ្រប់គ្រងវត្តបាន ៤៦វស្សា ចូលអនិច្ចធម្មឆ្នាំ១៨៨១ ទី៦-ព្រះអធិការព្រះនាម ស៊ឹន គ្រប់គ្រងវត្តបាន ៤៨វស្សា ចូលអនិច្ចធម្មឆ្នាំ១៩២៩ ទី៧-ព្រះអធិការព្រះនាម ខឹម គ្រប់គ្រងវត្តបាន ៤៦វស្សា ចូលអនិច្ចធម្មឆ្នាំ១៩៧៥ និងទី៨-ព្រះអធិការព្រះនាម សៀង គ្រប់គ្រងវត្តបាន ៥វស្សា ចូលអនិច្ចធម្មឆ្នាំ១៩៨៣។
ក្រោយការគ្រប់គ្រងប្រទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងរបបប៉ុល ពត ទីវត្តអំពែភ្នំ បានប្រែក្លាយទៅជាទីកប់ខ្មោច បំផ្លាញខ្ទេចខ្ទី ដោយដឹកប្រជាជន ពីតំបន់៣៥ខេត្តតាកែវ និងតំបន៣៣នៃខេត្តកំពង់ស្ពឺ ភាគខាងត្បូង មកកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ក្នុងនោះបានបន្សល់ទុកជាតឹកតាងរណ្តៅកប់ខ្មោចប្រមាណជា ១៧៥៥រណ្តៅ ដែលមានជនរងគ្រោះត្រូវបានសម្លាប់ក្នុង សម័យ ប៉ុល ពត ឬរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រមាណ ៩៥០០នាក់ឯណោះ។
ក្រោយដួលរលំនៃរបប ប៉ុល ពត ក្រោមនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វត្តអំពែភ្នំបានក្លាយតំបន់មានទេសភាព រួមផ្សំដើមឈើតូច ធំ ដុះប្រជ្រៀតគ្នាតាមដងស្ទឹង បង្កើតបានជាទេសភាព គួរឲ្យចង់គយគន់ក្រៃលែង។ នៅជើងភ្នំអំពែភ្នំ មានស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ឃុំសុពណ៌ទេព ទៅភូមិអំពែភ្នំ ឃុំអំពែភ្នំ។ ក្នុងរដូវប្រាំង បើគេឈរពីលើស្ពានយោល សំឡឹងចុះទៅក្នុងបាតស្ទឹងនោះ គេនឹងបានឃើញទឹកស្ទឹងហូររឹមៗ គេចផ្ទាំងថ្ម និងពំនូកខ្សាច់ ដោយមានហ្វូងចង្វាតូចៗ ហែលប្រដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តង គេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹកបាតស្ទឹង យ៉ាងសប្បាយរីករាយ។
ចំណែកឯនៅរដូវវស្សាវិញ បើគេឈរនៅលើស្ពានយោល សំឡឹងចុះទៅស្ទឹងវិញនោះ គេនឹងបានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញ់ គួរឲ្យគយគន់ក្រៃលែង។ នៅត្រើយខាងត្បូងស្ទឹង គេនៅសង្កេតឃើញមានវត្តចាស់បុរាណមួយ នៅលើកូនភ្នំ ដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យទានតាមប្រពៃណីជាតិ។ នៅតំបន់អំពែភ្នំគេអាចទៅងូតទឹក ដើរឆ្លងស្ពានយោល និងអង្គុយលេងកម្សាន្តតាមតូបនានា សម្រាកតាមមាត់ស្ទឹងដើម្បីលំហែរអារម្មណ៍ ហើយនៅតាមតូបនីមួយៗ គេអាចកុម្ម៉ង់ម្ហូបអាហារ ហូបជាលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយផងដែរ៕