(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យមើលការស្តារអាងកន្សែង និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋចំនួន១៥០នាក់។
ក្នុងពិធីនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងសហការី មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាច្រើនរូបទៀតផងដែរ។
អាងទឹកកន្សែងជាអាងបុរាណមួយ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ការជួសជុលជំហានទី១នេះ គឺធ្វើឲ្យប្រសើរឡើងវិញនូវទំនប់អាង ដែលមានទំហំបណ្តោយប្រវែង២,៣២៦ម៉ែត្រ ទទឹងប្រវែង១,៧០០ម៉ែត្រ កម្ពស់ពី៣,៥ម៉ែត្រ ទៅ៥ម៉ែត្រ មានសំណង់បង្ហៀរ ប្រវែង៣០ម៉ែត្រចំនួន១ កន្លែងសំណង់ទ្វារទឹក៣កន្លែង។
ក្រោយការជួសជុលអាងនេះអាច ស្តុកទឹកបានប្រមាណ៤លានម៉ែត្រគូប និងអាចស្រោចស្រពស្រូវរដូវវស្សា ជាង១,៥០០ហិកតា ស្រូវរដូវប្រាំងពី២០០ហិកតា ទៅ៣០០ហិកតា ដំណាំរួមផ្សំជាច្រើនទៀត និងសម្រាប់យកទឹកប្រើប្រាស់របស់សហគមន៍ទៀតផង។ គម្រោងស្តារអាងកន្សែងនេះ នឹងប្រែក្លាយទៅជាប្រព័ន្ធ គមនាគមន៍ និងក៏ជាតំបន់រមណីយដ្ឋានទេសចរណ៍នៅជនបទនេះផងដែរ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានជូនអំណោយដល់មេឃុំទាំង២គឺឃុំសឹង្ហ និងឃុំអូរបីជាន់ ក្នុង១ឃុំ២០ម៉ឺនរៀល និងជូនថវិកាដល់ក្រុមការងារកម្មករ២០នាក់ ដែលកំពុងនៅធ្វើការស្ដារប្រឡាយទីនោះ ចំនួន៥០ម៉ឺនរៀល និងជូនសារ៉ុងចំនួន២០ផងដែរ ហើយប្រជាពលរដ្ឋទាំង១៥០នាក់ ទទួលបានសារ៉ុងម្នាក់១៕