(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានលើកឡើងថា វិស័យពុទ្ធចក្រ និងអាណាចក្រ បាននឹងកំពុងដើរទន្ទឹមគ្នា រួមជាមួយសាសនាដទៃទៀត ក៏មានការអភិវឌ្ឍគួរឲ្យកត់សំគាល់ និងប្រកបដោយសុខដុមនីយកម្ម ក្រោមម្លប់នៃសុខសន្តិភាព ដែលការរីកចម្រើននេះ បានបង្ហាញ ជាវិជ្ជមាន អំពីការខិតខំប្រឹងប្រែងឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ។
លោក វង សូត បានថ្លែងបែបនេះខណៈលោក និងមន្រ្តីក្រសួងជាច្រើនរូបទៀត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តគិរីជយារាម គ្រញូង ស្ថិតនៅភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រដ្ឋមន្រ្តី វង សូត បានបន្តថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទូន្មានប្រៀនប្រដៅមនុស្សនិងអប់រំមនុស្ស ឲ្យមានមេត្តាធម៌ សណ្តោសប្រោសប្រណី ពិសេសការធ្វើអំពើល្អដល់គ្នាទៅវិញទៅមក។
លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ដឹកនាំត្រឹមត្រូវប្រកបដោយព្រះធម៌ ដូចជាការស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការផ្តល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅ ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន កម្មករនិយោជិត មន្ត្រីរាជការ តាមរយៈការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ ការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងការទទួលបានកំណើនសេដ្ឋកិច្ចជាតិ។
លោក វង សូត បានបន្ថែមថា ជាមួយនេះ ការបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ ការអត់ឱនខន្តីយោគយល់គ្នាទៅវិញទៅមក គ្រប់និន្នាការនយោបាយអាចរួមរស់ជាមួយគ្នា ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់ ស្រលាញ់ ការពារ ថែរក្សា ក្នុងនាមឈាមជ័រ ជាខ្មែរតែ១។ ផ្ទុយពីជនអគិតមួយចំនួន ដោយគ្មានបានធ្វើអ្វីសោះ បានត្រឹមតែញ៉ុះញង់ លាបពណ៌បំបែកបំបាក់សាមគ្គីភាព បង្ខូចកិត្តិយសប្រទេសជាតិ ក្រឡៃការពិតនៅកម្ពុជា មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ពួកគេបាននឹងកំពុងបង្កើតចលនាខុសច្បាប់ ដើម្បីបង្កអស្ថេរភាពសង្គម សំដៅបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា។
បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីឧបត្ថម្ភ ដល់ការ សាងសង់ សមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនានេះ ជាពិសេស អរគុណដល់ផ្តល់ជំនឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ជាប្រមុខ និងបន្តគាំទ្រ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍ និងសុខសន្តិភាពជាដរាប៕