(ព្យុងយ៉ាង)៖ បណ្តាញព័ត៌មានផ្លូវការ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នាថ្ងៃអង្គារនេះបានចេញមកព្រមានថា បណ្តាប្រទេសនៅលោកខាងលិច កំពុងប្រើប្រាស់បញ្ហាសិទ្ធិមនុស្សមកធ្វើជាឈ្នាន់ ដើម្បីដើរបំផ្លិចបំផ្លាញឯករាជ្យភាព របស់ប្រជាជាតិដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨។
សារព័ត៌មានផ្លូវការរបស់គណៈកម្មាធិការមជ្ឈិម នៃបក្សកាន់អំណាចកូរ៉េខាងជើង បានលើកឡើងនៅក្នុងអត្ថបទមួយថា គម្រោងអាក្រក់ស្តីពីការដើរចោទប្រកាន់គេឯងជុំវិញបញ្ហាសិទ្ធិមនុស្សរបស់ពួកចក្រពត្តិ មិនគួរត្រូវមើលរំលងតទៀតនោះឡើយ ដើម្បីអាចកសាងពិភពលោកឯករាជ្យថ្មីមួយ ដែលនៅក្នុងនោះអធិបតេយ្យភាពក៏ដូចជាសមភាព សម្រាប់រាល់ប្រទេសទាំងអស់ ត្រូវបានធានា។
ដោយចង់សំដៅទៅលើប្រទេសលោកខាងលិចមួយចំនួន ជាពិសេសនោះ គឺសហរដ្ឋអាមេរិកតែម្តង អត្ថបទរិះគន់នេះបានបន្តថា ពួកចក្រពត្តិគឺជាមេក្លោងនៃការរំលោភបំពានសិទ្ធិមនុស្ស និងជាឧក្រិដ្ឋជននៃបញ្ហាសិទ្ធិមនុស្ស ដែលត្រូវតែទទួលទោសធ្ងន់ធ្ងរបំផុត ពីសហគមន៍អន្តរជាតិ។
គួរជម្រាបថា កូរ៉េខាងជើងតែងតែបានទាត់ចោលជាដដែលៗ ចំពោះការចោទប្រកាន់ពីទង្វើរំលោភសិទ្ធិមនុស្ស ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនទៀត៕