(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គ្រប់គម្រោងជំនួយនានាដល់ប្រទេសកម្ពុជា សម្តេចបានត្រឹមតែកាត់ខ្សែបូរប៉ុណ្ណោះ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គេថារដ្ឋាភិបាល ហ៊ុន សែន ពុករលួយស៊ីជំនួយរបស់បរទេស ប៉ុន្តែសូមបញ្ជាក់ជូនជនរួមជាតិឱ្យបានជ្រាប ជំនួយរបស់ជប៉ុន មានតែក្រុមហ៊ុនជប៉ុនទេ ដែលចូលរួមដេញថ្លៃ។ ការដេញថ្លៃ គឺដេញនៅក្រុងតូក្យូឯណោះ យើងគ្រាន់តែទៅមើលជា អ្នកសង្កេតការប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្តថា «ភារកិច្ចរបស់ខ្ញុំ បានត្រឹមតែមកកាត់ខ្សែបូរបើកការដ្ឋានតែប៉ុណ្ណោះ ធ្វើយ៉ាងណាក៏ជប៉ុនទទួល ភារកិច្ចមួយទៀត គឺចេញប្រាក់ដើម្បីដោះស្រាយ ផលប៉ះពាល់តែប៉ុណ្ណោះ និងការដោះមីនគ្រាប់មិនទាន់ផ្ទុះ អាហ្នឹងកម្ពុជាអ្នកទទួលបន្ទុក»។
សម្តេចបានបន្តទៀតថា អគ្គរដ្ឋទូតជប៉ុន និងប្រទេសម្ចាស់ជំនួយផ្សេងទៀត សុទ្ធតែអាចដឹងអំពីដំណើរការផ្តល់ជំនួយមកកម្ពុជាទាំងអស់នោះ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានស្នើសុំកុំឲ្យមានការបំភ្លៃចំពោះថវិកាជំនួយទាំងអស់នេះ ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានប្រើប្រាស់គ្រប់គណបក្សនយោបាយទាំងអស់ មិនមានប្រកាន់និន្នាការនយោបាយនោះឡើយ៕