(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះ បានលើកឡើងថា សាកលវិទ្យាល័យអូហាយ៉ូ របស់អាមេរិក បានស្នើសុំវីដេអូឯកសារដ៏សំខាន់មួយ របស់កម្ពុជា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់កម្ពុជា» យកទៅតម្កល់ទុកជាឯកសារនៅក្នុងសកលវិទ្យាល័យរបស់ខ្លួន។
ពីលើវេទិកាកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ១នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវនេះគេសុំជាផ្លូវការហើយយកខ្សែភាពយន្ត ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ដើម្បីយកទៅរក្សាទុកនៅសកលវិទ្យាល័យអូហាយ៉ូ របស់សហរដ្ឋអាមេរិក ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ គេសុំផ្លូវការ ព្រោះផលិតដំបូងបញ្ជូលសំឡេងជាភាសាអង់គ្លេស»។
ការបង្ហាញនូវក្តីឈឺចាប់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ព្រោះជម្រើសពេលហ្នឹង គឺមានជម្រើសបោះបោរវ៉ៃ ប៉ុលពត ឬមួយដកខ្លួនតស៊ូវ៉ៃ ប៉ុលពត ការបោះបោរគឺវាងាយ ទេ ក៏ប៉ុន្តែមួយអាទិត្យយ៉ាងយូរ គឺស្លាប់ព្រោះកងទ័ពប៉ុណ្ណឹងមិនគ្រប់ ឬមួយដកខ្លួនចចេញសិន ដើម្បីតស៊ូឡើងវិញ ក៏ប៉ុន្តែក៏នៅមានជម្រើសទី៣ និងទី៤ទៀត កុំធ្វើអីទាំងអស់ទុកឲ្យ អាពតយកទៅសម្លាប់ ឬក៏ធ្វើអត្តឃាតខ្លួនឯង កាំភ្លើងត្រឹមតែមួយគ្រាប់ធ្វើអត្តឃាតខ្លួនឯង ក៏ប៉ុន្តែជម្រើសណាក៏មិនមែនជាជម្រើសល្អ ក្រៅពីអ្វីដែលបានសម្រេចរួចហើយនោះទេ។
បុរសខ្លាំងរបស់កម្ពុជា បានរំលឹកពីគ្រាដ៏កំសត់ដែលចាកចេញពីមនុស្សដែលខ្លួនស្រឡាញ់ បានបន្សល់ទឹកភ្នែករាប់លានរាប់ម៉ឺនដំណក់ជាមួយ នឹងការព្រាត់ប្រាស់ភរិយា ដែលមានផ្ទៃពោះត្រឹមតែប្រាំខែតែប៉ុណ្ណោះ ហើយមិនដឹងថា សូម្បីតែនៅក្នុងឃ្លាលិខិតពិបាករកពាក្យសរសេរយ៉ាងម៉េច សរសេរទាំងទឹកភ្នែកតែមិនដឹងប្រាប់ថា ប្រពន្ធថាយ៉ាងម៉េច បើប្រាប់ថា នៅទីនេះក៏មិនបាន ប្រាប់ថា នៅទីនោះក៏មិនបាន ព្រោះមិនដឹងថា នៅពេលដែលយើងសរសេរសំបុត្រជួនកាលគេមកបាញ់សម្លាប់ក៏មាន។
ក្នុងស្ថានភាពខ្លោចផ្សាបែកបាក់ពីភរិយា និងបុត្រក្នុងផ្ទៃដែលគិតថា គ្មានសង្ឃឹមជួបនោះ វីរៈបុរសរំដោះជាតិពីរបបដ៏ខ្មៅងងឹត ក្នុងដំណាក់កាលនេះ មានតែប្រើពាក្យនៅពេលដែល អូនអានសំបុត្របង បងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់ខ្លួនបងមិនដឹងនៅទីណាទៀតផង ខ្លួនឯងអត់ដឹងថា ខ្លួនឯង នៅទីណានោះទេ ព្រោះជួនការ ទិសរបស់យើងចង់ទៅលិច ក៏ប៉ុន្តែវាទៅខាងកើតវាបានបង្ខំឲ្យទៅយ៉ាងដូច្នេះដំណាក់កាលខ្លះគិតថាពេល ប្រពន្ធកំពុងអានសំបុត្ររបស់ខ្លួនឯងបានស្លាប់ទៅហើយនេះមិនមែនជារឿងលេងសើចនោះទេ ក៏ប៉ុន្តែជាភ័ព្វសំណាង ដែលយើងបានធ្វើការរួមគ្នារំដោះប្រទេសចេញពីរបបដ៏សាហាវព្រៃផ្សៃយង់ឃ្នងនេះ៕