(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលាខេត្តត្បូងឃ្មុំ រទេះរុញចំនួន៨០គ្រឿងថ្មីទៀត ត្រូវបានលោកស្រី ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ចែកជូនដល់ជនពិការ និងចាស់ជរា ដែលមកពីតាមបណ្តាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ ក្រោមការឧបត្ថម្ភពីសមាគមសាសនាកាតូលិក ក្រុងហូជីមិញ ប្រទេសវៀតណាម។
លោកស្រី អភិបាលរងខេត្ត បានថ្លែងអោយដឹងថា រទេះរុញចំនួន៨០គ្រឿងថ្មី ដែលផ្តល់ជូនមកពេលនេះ ជាលើកទី២ហើយ សម្រាប់សមាគមកាតូលិក ក្រុងហូជីមិញ ផ្តល់ជូនដល់ជនពិការ និងចាស់ជរា នៅខេត្តត្បូងឃ្មុំ តាមរយៈអាជ្ញាធរខេត្ត ដែលលើកទី១ ចំនួន៥០គ្រឿង សរុបទាំង ២លើកចំនួន១៣០គ្រឿង។
លោកស្រី តំណាងអោយអាជ្ញាធរខេត្ត បានថ្លែងអំណរគុណ ដល់ម្ចាស់ជំនួយ ដែលតែងតែសហការជាមួយខេត្តត្បូងឃ្មុំ ផ្តល់ភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ ដល់បងប្អូនជនពិការ ជាពិសេសស្របទៅតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងលើកឡើង និងផ្តល់តម្លៃ ដោយចាត់ទុកជនពិការ និងចាស់ជរា ជាគ្រួសារតែមួយ រួមសុខ រួមទុក្ខ ទោះបីពួកគាត់មិនមានកាយសម្បទាគ្រប់គ្រាន់ក្តី តែក្តីស្រម៉ៃ ការតាំងចិត្ត ចំណេះដឹង សមត្ថភាពបំពេញការងារ ការចូលរួមអភិវឌ្ឍន៍ក្នុងសង្គម គឺមានពេញលេញ ស្មើគ្នាដូចគ្នាជាមួយប្រជាពលរដ្ឋទូទៅដែរ។
ជាចុងក្រោយ លោកស្រី ឡេង សុខា ផ្តាំផ្ញើថា «រទេះរុញនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ពីកន្លែងមួយ ទៅកាន់កន្លែងមួយទៀត និងកាត់បន្ថយការលំបាកផ្សេងៗជាច្រើនដល់ជនពិការ និងបន្ទាប់ពីទទួលបានរទេះនេះហើយ សូមឲ្យបងប្អូនទាំងអស់ ចូលរួមថែរក្សា ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង»៕