(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានស្នើឲ្យអង្គការសហប្រជាជាតិកម្ពុជា ដាក់អ្នកសង្កេតការណ៍ ឬបង្កើតស្នាក់ការផ្ទាល់ខ្លួននៅក្នុងទីស្នាក់ការ គ.ជ.ប ផ្ទាល់ ដើម្បីសង្កេតដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ ចៀសវាង ការមន្ទិលសង្ស័យនានានៅក្នុងការបោះឆ្នោតនៅកម្ពុជា។

លោក ហង្ស ពុទ្ធា បានស្នើយ៉ាងដូច្នេះ ធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្នាក់ការ គ.ជ.ប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

លោកស្រី រ៉ូណា ស្មីត បានបង្ហាញការព្រួយបារម្ភចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ខាងមុខ ដោយលោកស្រីបានជំរុញឲ្យ គ.ជ.ប ត្រូវធានាឲ្យប្រជាពលរដ្ឋមានសិទ្ធិស្មើៗគ្នា ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនប្រកបដោយក្តីពេញចិត្ត និងបានជំរុញឲ្យ គ.ជ.ប អនុវត្តនូវបទប្បញ្ញត្តិនានាដែលមានចែងស្រាប់ ដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយស្មើៗភាពគ្នា។

ឆ្លើយតបនឹងក្តីព្រួយបារម្ភនេះ អ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ បើទោះបីជាគ្មានការជំរុញពីភាគីណាក៏ដោយ ក៏ គ.ជ.ប បានប្ដេជ្ញាចិត្តរួចជាស្រេចក្នុងការរៀបចំការបោះឆ្នោតមួយ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ដែលគណបក្សនយោបាយទាំងអស់ទទួលយកបានដោយការពេញចិត្ត ហើយគណបក្សនយោបាយទាំងនោះ ត្រូវបានធានាថាស្មើភាពគ្នាក្នុងការធ្វើសកម្មភាពផ្សេងៗស្របតាមច្បាប់។

ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងដើម្បីបង្ហាញភាពប្រត្យក្សចំពោះសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិផងនោះ អ្នកនាំពាក្យ ហង្ស ពុទ្ធា បានស្នើឲ្យអង្គការសហប្រជាជាតិ តាមរយៈលោកស្រី រ៉ូណា ស្មីត ដាក់អ្នកសង្កេតការណ៍របស់ខ្លួន ឬបង្កើតស្នាក់ការផ្ទាល់ខ្លួន​នៅទីស្នាក់ការ គ.ជ.ប ក៏បាន ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា នាពេលខាងមុខ ឲ្យបានជាក់ច្បាស់ជាមួយគ្នា។

លោកបានថ្លែងដូច្នេះថា «គ.ជ.ប ក៏ស្នើសុំឲ្យលោកស្រី រ៉ូណា ស្មីត ដាក់តំណាងសង្កេតការណ៍របស់ខ្លួន ឬ Office របស់ខ្លួននៅទីស្នាក់ការ គ.ជ.ប នេះឯងតែម្ដង»។ ជុំវិញការស្នើសុំនេះ មិនទាន់មានការបញ្ជាក់ពីលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅឡើយទេ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែល នឹងត្រូវដំណើការឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕