(ស្វាយរៀង)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកព្រលឹម ធ្វើឲ្យផ្ទះមួយខ្នងឆេះខ្ទេចគ្មានសល់ និងទ្រព្យសម្បត្តិមួយចំនួនត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងដោយសារម្ចាស់ផ្ទះដាំបាយ ហើយធ្វេសប្រហែស ចាក់សាំងលក់ឲ្យគេ ក៏ខ្ចាយឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដងទៅ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភ្លើងឆេះផ្ទះមានឈ្មោះ នាង សេត ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង មានមុខរបរលក់ចាប់ហួយ ហើយមូលហេតុដែលបណ្ដាលឲ្យឆេះមកពីចៅស្រីឈ្មោះ អោប ស្រីពេជ្រ អាយុ១៣ឆ្នាំ ដាំបាយហើយ ចាក់សាំងដាក់ថង់លក់ឲ្យគេ ក៏ខ្ចាយឆាបឆេះចង្ក្រានដាំបាយ នៅជិតនោះតែម្តង។
ហេតុការណ៍នេះក៏បណ្ដាលឲ្យឈ្មោះ អោប ស្រីពេជ្រ រងគ្រោះរលាកជើងទាំងសងខាង និងឆេះផ្ទះមួយខ្នងទាំងស្រុង មានទំហំ៤ម៉ែត្រគុណនឹង១២ម៉ែត្រ ដែលធ្វើអំពីឈើជញ្ជាំង និងដំបូលស័ង្កសី ព្រមទាំងសម្ភារៈមួយចំនួនរួមមាន៖ ម៉ូតូ២គ្រឿងម៉ាក់វ៉េវ, កង់២គ្រឿង, ស្រាបៀជាង៦០កេះ, សាំង២កាន, ម៉ាស៊ូត២កាន, មាស៧ជី៥ហ៊ុន, លុយខ្មែរ២លានរៀល, លុយដុល្លារ២០០ដុល្លារអាមេរិក និងគ្រឿងចាប់ហួយមួយចំនួនធំថែមទៀត។
ទោះបីជាមានហេតុការណ៍យ៉ាងនេះក្ដី ក៏សមត្ថកិច្ចបានខិតខំ ព្យាយាមជួយពន្លត់ដែរ តែមិនអាចជួយបានទេ ព្រោះឥវ៉ាន់ចាប់ហួយងាយនឹងឆេះណាស់។ អាជ្ញាធរខេត្តស្វាយរៀង ក៏ធ្លាប់បានអំពាវនាវ ឲ្យពលរដ្ឋនៅទូទាំងខេត្ត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យ ខណៈដែលរដូវប្រាំងចូលមកដល់ ដែលហេតុធ្វើឲ្យងាយនិងឆាបឆេះផងដែរ៕