(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ចាប់តាំងពីសម្តេចធ្វើជាឧបនាយករដ្ឋមន្រ្តី រហូតដល់នាយករដ្ឋមន្រ្តី រយៈពេល៣៩ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា មិនដែលប្រើប្រាស់ជំនួយ និងហិរញ្ញប្បទានបរទេស ដើម្បីយកមកបើកប្រាក់ខែឱ្យមន្រ្តីរាជការកម្ពុជានោះឡើយ។

ការប្រកាសរប​ស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ជំនួយ និងប្រាក់ឧបត្ថម្ភរបស់បរទេស ដើម្បីបើកប្រាក់បៀវត្សរ៍ឱ្យមន្រ្តីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកខ្លះគេថា រដ្ឋាភិបាលទៅខ្ចីលុយបរទេស​ យកមកបើប្រាក់ខែ ខ្ញុំសូមបញ្ជាក់ ធ្វើនាយករដ្ឋមន្រ្តី៣៣ឆ្នាំ បូកជាមួយនឹងធ្វើឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស ៣៩ឆ្នាំជាងហើយ មិនមានពេលណាមួយដែលកម្ពុជា ទៅខ្ចីលុយបរទេស ឬទៅសុំលុយបរទេស មកបើកប្រាក់ខែទេ ហើយគ្មាននរណាគេឱ្យយើងខ្ចីលុយដើម្បីយកមកបើកប្រាក់ខែទេ»

សម្តេចតេជោ ហ៊ុន​ សែន បានបន្តថា៖ «គេថារដ្ឋាភិបាល ហ៊ុន សែន ពុករលួយស៊ីជំនួយរបស់បរទេស ប៉ុន្តែសូមបញ្ជាក់ជូនជនរួមជាតិឱ្យបានជ្រាប ជំនួយរបស់ជប៉ុន មានតែក្រុមហ៊ុនជប៉ុនទេ ដែលចូលរួមដេញថ្លៃ។ ការដេញថ្លៃ គឺដេញនៅក្រុងតូក្យូឯណោះ យើងគ្រាន់តែទៅមើលជា អ្នកសង្កេតការប៉ុណ្ណោះ។ ភារកិច្ចរបស់ខ្ញុំ បានត្រឹមតែមកកាត់ខ្សែបូរបើកការដ្ឋានតែប៉ុណ្ណោះ ធ្វើយ៉ាងណាក៏ជប៉ុនទទួល ភារកិច្ចមួយទៀត គឺចេញប្រាក់ដើម្បីដោះស្រាយផលប៉ះពាល់តែប៉ុណ្ណោះ និងការដោះមីនគ្រាប់មិនទាន់ផ្ទុះ អាហ្នឹងកម្ពុជាអ្នកទទួលបន្ទុក»

សម្តេចបានបន្តទៀតថា អគ្គរដ្ឋទូតជប៉ុន និងប្រទេសម្ចាស់ជំនួយផ្សេងទៀត សុទ្ធតែអាចដឹងអំពីដំណើរការផ្តល់ជំនួយមកកម្ពុជាទាំងអស់នោះ៕