(កំពង់ធំ)៖ ក្នុងពិធីចែកមួកសុវត្ថិភាព ចំនួន៩៨មួក ជូនមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែង ជំរុញឲ្យរាជការទំាងអស់ ត្រូវបង្កើននូវសាមគ្គីភាពឯកភាពផ្ទៃក្នុង ធ្វើការងារគោរពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសរាល់ការបើកបរម៉ូតូតាមដងផ្លូវ ត្រូវពាក់មួកសុវត្ថិភាពគ្រប់គ្នា ព្រោះមួកសុវត្ថិភាពមួយ ជួយសង្គ្រោះជីវិតមនុស្សបានម្នាក់។

លោក សុខ លូ បានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរ ជាឃាតករលាក់មុខដែលសម្លាប់អ្នកធ្វើដំណើរ តាមដងផ្លូវជារៀងរាល់ថ្ងៃ ដោយសារការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ មហន្តរាយដ៏ធំធេងនេះ ធ្វើឲ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»

ក្នុងឱកាសនោះ លោកបានអំពាវនាវដល់អ្នកធ្វើដំណើរទំាងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនប្រកបដោយចីរភាព ចំពោះការបើកបរមិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ពេលបើកបរមិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវបើកបរដោយគោរពសិទ្ធិគ្នា យោគយល់អធ្យាស្រ័យគ្នា។

លោក ជូ កូល្លា ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ដោយសារប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការកើនឡើងនូវមធ្យោបាយធ្វើដំណើរដែលមានរថយន្ត ទោចក្រយានយន្ត បានធ្វើឲ្យមានការគ្រោះថ្នាក់នៅតាមដងផ្លូវ។ លោកបានបន្តថា បញ្ហាទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តដាក់ ក៏ដូចជាការចង្អុលបង្ហាញពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូនបានផ្តល់មួកសុវត្ថិភាពសម្រាប់ចែកជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរសារធារណៈការ និងដឹកជញ្ជូនដើម្បីយកទៅប្រើប្រាស់សម្រាប់ជាគម្រូដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋព្រោះមន្ត្រីទាំងអស់នេះជាអ្នកអនុវត្តន៍ច្បាប់៕