(ភ្នំពេញ)៖ ថ្មីៗនេះ លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម «Galaxy» បានបញ្ចេញស្នាដៃ Original Song ថ្មីមួយបទ មានចំណងជើងថា «រាំបិទគូទ» ដោយលោករំពឹងថា អាចនឹងប្រជ្រៀតចូល ទីផ្សារចម្រៀងបានខ្ពស់ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
ជាការពិត ទោះបីជាទើបតែទទួលបានមុខងារជាឧកញ៉ា និងកំពុងក្ដោបក្ដាប់មុខជំនួញយ៉ាងធំនៅក្នុងដៃ ក៏ពិតមែន ប៉ុន្តែម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា មិនដែលភ្លេចពីដើមកំណើត ជាអ្នកសិល្បៈនោះទេ ខណៈកាលពីកន្លងមកម្ចាស់ផលិតកម្មរូបនេះ ធ្លាប់បានអះអាងថា ទោះបីជាលោករីកដុះដាល កាក់កបនឹងជំនួញ ដូចគុម្ពស្ពៃ យ៉ាងណាក្ដី ក៏លោកនឹងមិនបោះបង់ចោល វិស័យសិល្បៈនោះដែរ លោកមានគោលបំណងបញ្ចេញស្នាដៃ បទចម្រៀង Original Song ដែលជាស្នាដៃកូនខ្មែរ។
ជាការកត់សម្គាល់ ចម្រៀងចេញមិនទាន់បានប៉ុន្មានផង គេសង្កេតឃើញថា មានចូលមើលរហូតដល់ទៅជាង១លាន មានអ្នកចូលចិត្ត ជិត១០ម៉ឺននាក់ ព្រមទាំងមានការចែកចាយ ស៊ែរតៗគ្នា ពិតជាទទួលបានការគាំទ្រ ដូចដែលលោករំពឹងទុកពិតមែន។
លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា នេះគឺជាលើកដំបូង ដែលលោកបានបញ្ចេញស្នាដៃដំបូង មានចំណងជើងថា «រាំបិទគូទ» ក្រោយពេលលោកបានក្លាយជាតារាចម្រៀង និង ជាម្ចាស់ផលិតកម្ម Galaxy។ បទច្រៀងនេះ ជាការតាក់តែងនិពន្ធទំនុកច្រៀងដោយលោកផ្ទាល់ ព្រមទាំងមានក្រុមការងារជាអ្នកជួយធ្វើភ្លេង។ លោកបានចំណាយពេលវេលាជាច្រើន ដើម្បីធ្វើឲ្យចម្រៀងមួយនេះ ចេញជាសាច់ភ្លេង និងទំនុកច្រៀង ដើម្បីឲ្យមានភាពល្អប្រសើរ គ្មានកំហុស ទៅតាមបច្ចេកទេសនៃការនិពន្ធបទចម្រៀង។
ម្ចាស់ផលិតករខាងលើ បានបន្តទៀតថា បទចម្រៀងមួយបទនេះ លោកនឹងតម្រូវឲ្យថតច្រើនទីតាំង ហើយមានក្រុមរាំច្បាស់លាស់ ប៉ុន្តែលោកមិនច្បាស់ថា នឹងចេញ MV នៅពេលណាមួយច្បាស់លាស់នោះទេ។
យ៉ាងណាមិញ លោករំពឹងថា បទចម្រៀងខាងលើ នឹងទទួលបានចំនួនអ្នកចូលទស្សនាកាន់តែច្រើន នៅពេលបញ្ចេញ MV នៅលើទីផ្សារ ខណៈលោកនឹងត្រូវតែបញ្ចេញឲ្យមុនពេលចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលខាងមុខនេះ៕