(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្អែកនេះ ក្រសួងការពារជាតិ នឹងរៀបចំវគ្គបណ្តុះបណ្តាលដំបូងមួយ នៅសណ្ឋាគារហៃម៉ាវ៉ារី (Himawari) ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីចែករម្លែកចំណេះដឹង បទពិសោធន៍ដល់ក្រុមអ្នកនាំពាក្យក្នុងក្រសួង សម្រាប់យកទៅប្រើប្រាស់ ក្នុងការនាំសាររបស់អង្គភាព ទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឱ្យបានល្អ និងត្រឹមត្រូវ។ នេះបើតាម នាយឧត្តមសេនីយ៍ ជុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអ្នកនាំពាក្យមកពីបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានា ប្រមាណជាង១០០នាក់ ដែលក្នុងនោះក៏មានផងដែរនូវសិក្ខាកាមចំនួន៥០នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ។

វាគ្មិនសំខាន់ៗ ដែលគ្រោងនឹងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោកសាស្រ្តាចារ្យបណ្ឌិត រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងទំនាក់ទំនង និងលោក ឯក ថា អ្នកសារព័ត៌មានជើងចាស់ជាដើម។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងបានយល់អំពីរបៀបចាត់តាំងការិយាល័យអ្នកនាំពាក្យ តួនាទី ភារកិច្ចសំខាន់ៗមួយចំនួនចាំបាច់ចំពោះមុខ ដើម្បីរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់ ចូលរួមយុទ្ធនាការព័ត៌មានរួមគ្នាពីថ្ងៃនេះ រហូដល់ពេលបោះឆ្នោតសកល និងក្រោយពេលបោះឆ្នោត ធ្វើការរួមគ្នាគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងទាន់សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា នេះគឺជាលើកទី១ហើយ ដែលក្រសួងការពារជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់ ក្រុមអ្នកនាំពាក្យអង្គភាពក្រោមចំណុះក្រសួងការពារជាតិ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពដែលមានស្រាប់ ដែលឆ្លើយតបទៅនឹងសំណូមពររបស់ អង្គភាពនានាក្រោមចំណុះ ដែលបានស្នើសុំនាពេលកន្លងទៅ៕