(ភ្នំពេញ)៖ ឧទ្ធម្ភាគចក្រយោធារបស់ចិន ចំនួន៣គ្រឿង បានចុះចតមកដល់ប្រទេសកម្ពុជាហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅភូមិសាស្រ្តភ្នំម្រះព្រៅ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
ឧទ្ធម្ភាគចក្រចិន បានចុះចតនៅខេត្តសៀមរាបនៅមុននេះ ហើយនឹងមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង២៖៤០នាទីរសៀល។
សូមជម្រាបជូនថា កម្ពុជា-ចិន នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ ឈ្មោះ «លំហាត់នាគមាសឆ្នាំ២០១៨» ដែលគ្រោងធ្វើឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
ប្រធានបទលំហាត់រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺបេសកម្មប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន ហើយលំហាត់នេះរៀបចំក្នុងរូបភាពកងពលតូច និងអនុវត្តជាក់ស្តែង កម្រិតថ្នាក់វរសេនាតូច ដោយបែងចែកជាពីរ គឺលំហាត់ទីបញ្ជាការនឹងលំហាត់លើទីលាន ចំពោះកម្លាំងចូលរួមក្នុងលំហាត់នេះភាគីកម្ពុជា មានចំនួន២៨០នាក់ ភាគីចិនមានចំនួន១៩០នាក់៕