(ក្រចេះ)៖ នៅចំពោះមុខអតីតយុទ្ធជននៅក្នុងខេត្តក្រចេះ ១១៨៣នាក់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានតែមួយគត់ ដែលមានសមត្ថភាពក្នុងការអភិវឌ្ឍន៍ និងរក្សាបាននូវសុខសន្តិភាពដែលកំពុងគ្រប់ដណ្តប់លើដែនដីកម្ពុជានាពេលបច្ចុប្បន្ន។
ក្នុងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជននាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងរំលឹកពីទុក្ខលំបាកជាច្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ដោយសារតែវិបត្តិភ្លើងសង្គ្រាមកាលពីអតីតកាល។ លោក គន់ គីម បានលើកថា ភ្លើងសង្រ្គាមនៅកម្ពុជា ត្រូវបានប្រឹងប្រែងបិទបញ្ចប់ទៅវិញតាមរយៈកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងឥស្សរជនជាន់ខ្ពស់របស់ជាតិជាច្រើនរូបផ្សេងទៀត។ ជាពិសេសការបិទបញ្ចប់នូវភ្លើងសង្គ្រាមនាំមកនូវភាពសុខសាន្តជាថ្មីសម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ក៏មានការពលីកម្មជាច្រើនរបស់អតីតយុទ្ធជនផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានអះអាងថា បើគ្មានការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន រួមនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទេ ភ្លើងសង្គ្រាមនៅកម្ពុជាមិនអាចបិទបញ្ចប់ ហើយការអភិវឌ្ឍប្រទេសជាតិក៏មិនអាចកើតឡើងនោះឡើយ។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម សុខសន្តិភាពនៅកម្ពុជាមានសភាពផុយស្រួយ និងងាយបាត់បង់ទៅវិញ ប្រសិនបើមិនថែទាំង និងថ្នាក់ថ្នមវាឲ្យបានខ្លាំងទេនោះ។
«សុខសន្តិភាព ដែលកំពុងមាននៅកម្ពុជានេះ គឺត្រូវបានរកមកបានដោយលំបាកតាមរយៈការដឹកនាំរបស់សម្តេចតេជោ សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងអ្នកស្នេហាជាតិដទៃទៀត។ បងប្អូនអតីតយុទ្ធជនយើងក៏បានចូលរួមខ្លាំងណាស់ផងដែរ បើយើងមិនប្រឹងប្រែងថ្នាក់ថ្នម និងថែទាំងវាទេ គឺវាងាយនឹងបាត់បង់ទៅវិញនេះ។ បងប្អូនត្រូវដឹងថា មានតែគណបក្សប្រជាជនកម្ពុជារបស់យើងមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាឲ្យបាននូវសុខសន្តិភាព ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជាគ្រប់រូបនេះ»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ក្រៅពីបានរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម ចេញពីរបបកាប់សម្លាប់ និងប្រឹងប្រែងថែរក្សាសុខសន្តិភាពហើយនោះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនេះ បានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា «សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងជម្នះឧបសគ្គ និងការលំបាកសព្វបែបយ៉ាង ដើម្បីជំរុញសេដ្ឋកិច្ចជាតិពីកម្រិតប្រទេសក្រីក្រគ្មានអ្វីសោះរហូតក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ ផ្លូវ ស្ពាន សាលារៀន ព្រមទាំងអគារខ្ពស់ទាប និងសមទ្ធិផលជាច្រើនលេចចេញយ៉ាងច្រើនស្អេកស្កះនាពេលពេលបច្ចុប្បន្ននេះ»។
ដើម្បីបន្តរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍនេះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជានៅអាណត្តិខាងមុខបន្តទៅទៀត៕