(ភ្នំពេញ)៖ គ្រាដែលប្រតិបត្តិការកាត់ទ្រុងរថយន្តហាក់មានសភាពស្ងប់ស្ងាត់បន្តិចនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកជាថ្មីថា ប្រតិបត្តិការមួយនេះមិនត្រូវរាថយនោះឡើយ ហើយបានបញ្ជាឲ្យបិទរាល់យានដ្ឋានទាំងឡាយណា ដែលបន្តរឹងរូសនៅតែកែច្នៃ និងតទ្រុងខុសច្បាប់។

ពីលើវេទិកាកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ១នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «សូមបញ្ជាឲ្យបន្តកាត់ទ្រុងរថយន្តតខុសលក្ខណៈបច្ចេកទេសទាំងអស់ កាត់ហ្នឹងអត់មានថយទេ។ សូមបញ្ជាក់លើកនេះធ្វើឲ្យច្បាស់ជាមួយគ្នាមិនមែនធ្វើម្តងហើយ នាយករដ្ឋមន្ត្រីឈប់និយាយបែរជាឈប់ធ្វើនោះទេ។ ឡានតទ្រុងវាកើតមកពីណា ឥឡូវហ្នឹងដើរបិតឲ្យអស់អាហ្គារ៉ាស់ឡានណាហ៊ានតទ្រុងខុសច្បាប់បិទវាគ្រវាត់ចោល។ ឡានគេផលិតតែប៉ុន្មានម៉ែត្រទេ ឯងមកតទ្រុង បិទអាហ្នឹងគ្រវាត់ចោលទៀត»

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការស្នើសុំរបស់ក្រុមអ្នករកស៊ីដឹកជញ្ជូនដែលចង់ឲ្យរថយន្តកុងតឺនឺន័រសណ្តោងរឺម៉កវែងជាង ១៦ម៉ែត្រ ដោយបានលើកបញ្ហាប្រទេសមួយចំនួនជាឧទាហរណ៍។ ឆ្លើយតបសំណើនេះ សម្តេចតេជោ បានបញ្ជាក់ថា ស្ថានភាពផ្លូវនៅប្រទេសគេផ្សេង ហើយផ្លូវនៅកម្ពុជាផ្សឹង ពោលផ្លូវនៅកម្ពុជាតូច បើមិនកាត់ទេនឹងធ្វើឲ្យពិបាកក្នុងការបត់ចុះឡើងផងដែរ។

សូមបញ្ជាក់ថា ចំណាត់ការក្តៅលើរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការជាថ្មីកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ។ ក្រោយការប្រកាសដាក់ចេញចំណាត់ការនេះ មន្ត្រីគ្រប់រាជធានី ខេត្ត បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំចាប់កាត់រាល់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ហើយម្ចាស់រថយន្តជាច្រើនក៏បានយករថយន្តរបស់ពួកគេទៅកាត់ទ្រុងចេញផងដែរ។

របាយការណ៍បានបង្ហាញថា គិតត្រឹមខែកុម្ភៈកន្លងទៅនេះ រថយន្ត ៤៥,៦១៣គ្រឿងត្រូវបានត្រួតពិនិត្យ, រថយន្ត ៧៩៧គ្រឿង ត្រូវបានកាត់ទ្រុង, រថយន្ត ៣៣៩គ្រឿង ត្រូវបានដោះរានខាងក្រោយ, រថយន្ត ១៧គ្រឿង ត្រូវបានឃាត់ទុករង់ចាំកាត់ទ្រុង។ ក្នុងនោះរកឃើញអ្នកបើកបរ ១២៨នាក់គ្មានបណ្ណបើកបរ រថយន្តគ្មានផ្លាកលេខ ៦២គ្រឿង ពាក់ផ្លាកលេខក្លែងក្លាយ ៣គ្រឿង រថយន្តដឹកសំពីងសំពោង ៦២៨គ្រឿង ខ្វះឯកសារ ៣៦២គ្រឿង និងរថយន្តត្រួតពិនិត្យឃើញត្រឹមត្រូវមាន ៤៣,២៧៧គ្រឿង។

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីបារម្ភផងដែរ ចំពោះគ្រោះថ្នាក់ចរាចរ ដែលកំពុងក្លាយជាឃាតកសម្លាប់ពលរដ្ឋកម្ពុជាតាមដងវិថីជាដងវិថីយ៉ាងច្រើន។ ការសម្លាប់របស់ប្រជាពលរដ្ឋដោយសារគ្រោះថ្នាក់ចរាចរនេះ មានសភាពសហាវ និងខ្លាំងក្លាជាងសម័យសង្គ្រាមទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការស្លាប់នេះបណ្តាលមកពីកត្តាជាច្រើន ដូចជាការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការបើកបរមិនពាក់មួកសុវត្ថិភាពជាដើម។ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរនេះ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍នៅពេលបើកបរឲ្យបានគ្រប់ៗគ្នា៕