(ព្រៃវែង)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញនូវក្ដីរំពឹងទុកថា នឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិពី ១៥ទៅ២០ម៉ឺននាក់ ចូលរួមក្នុងព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» ដែលប្រព្រឹត្តឡើង រយៈពេល៥ថ្ងៃ នៅក្រុងព្រៃវែង។
សន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» ខាងលើនេះ បានរៀបចំធ្វើឡើង នៅអគាររដ្ឋបាលខេត្តព្រៃវែង (ចុងប៉ម) នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពី លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ខៀវ ភារិទ្ឋ ប្រធាន ស.ស.យ.ក ព្រៃវែង និងមន្ត្រីមន្ទីរពាក់ព័ន្ធជាច្រើននាក់ទៀត ផងដែរ។
គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ ជាលក្ខណៈប្រពៃណីខ្មែរ តាមរយៈការរៀបចំពិធីសាសនា ការតាំងបង្ហាញនូវផលិតផលខ្មែរ ទស្សនីយ៍ភាព សិល្បៈ ល្បែងប្រជាប្រិយ តាមប្រពៃណី និងទំនៀមទម្លាប់ពីដូនតា ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានស្គាល់កាន់តែច្បាស់ ពីវប្បធម៌ និងអរិយធម៌ ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ តំណាងរាស្រ្ត ស សុខា បានអះអាងថា ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» ដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ចូលរួមប្រមាណពី១៥ទៅ២០ម៉ឺននាក់។ មូលហេតុដោយយោងតាម ការទទួលបានពិសោធន៍សង្ក្រាន្ដ ឆ្នាំ២០១៧ នៅរមណីយដ្ឋានបាភ្នំ ដែលទទួលបានពី៨ម៉ឺន ទៅ១០ម៉ឺននាក់។
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានលើកឡើងទៀតថា ខេត្តព្រៃវែង គឺជាខេត្ត ដែលកំសត់ជាងគេ ព្រោះមិនសូវមានសក្តានុពល ផ្នែកទេសចរណ៍ដូចខេត្ត ផ្សេងៗ ឡើយ ពោលគឺពឹងផ្អែក លើវិស័យកសិកម្មតែ១គត់។ ដូច្នេះរាល់បុណ្យទានម្តងៗ ក្រៅពីទៅវត្ត ប្រជាពលរដ្ឋហាក់បី ដូចជាមិនបានទៅកំសាន្ត នៅកន្លែងណាផ្សេងនោះទេ។
ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨»នេះ តំណាងរាស្រ្ត ស សុខា បានបញ្ជាក់ទៀតថា មានដាក់តាំងទូកប្រវែង៨៥ម៉ែត្រ មានមនុស្សចំណុះទូក១៧៩នាក់ ជាទូកបំបែកឯកត្តកម្ម នៅចំកណ្តាលផ្លូវ ដែលលេងភ្លើង ពណ៌ ដូចផ្លូវ PUB STREET អញ្ចឹងដែរ។
លោក ជា សុមេធី បានថ្លែងថា សង្ក្រាន្តព្រៃវែង មានស្តង់ពិពណ៌ជាតិ និងអន្តរជាតិចំនួន៣០០ស្តង់ ក្នុងនោះមានស្តង់លក់ចំណីអាហារ មានកន្លែងប្រារព្ធពិធីសាសនា និងកម្មវិធីកំសាន្ត ជាច្រើនដូចជា៖ ការសម្តែងរបាំប្រពៃណី របាំទ្រុឌ របាំជូនពរ របាំឆៃយាំ នារីជាជួរ គោះត្រឡោក ក្ងោកប៉ៃលិន ស្បៃតូច ស្បៃធំ ការបង្កើតផ្ទះបុរាណខ្មែរ ការសម្តែងល្បុកត្តោ និងល្បែងកំសាន្តជាច្រើនទៀត។
ជាមួយគ្នានោះ អភិបាលខេត្តព្រៃវែងរូបនេះ ក៏បានអំពាវនាវដល់អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ពិសេសអាជីវករលក់ដូរ ចំណីអាហារ សូមមេត្តាកុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ដែលប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ជិតខេត្តព្រៃវែង មកទទួលអំណរឆ្នាំថ្មី និងមកលេងកំសាន្តក្នុង ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» នេះផងដែរ។
សូមជម្រាបថា ទាក់ទិនទៅនឹងកម្លាំងសន្តិសុខសម្រាប់ ព្រឹត្ដិការណ៍ «សង្ក្រាន្ដព្រៃវែង ឆ្នាំ២០១៨» នេះ គឺមានយុវជន តាមវិទ្យាល័យនានា ចំនួន៦០០នាក់ និងកងកម្លាំងជាង២០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ប្រជាពលរដ្ឋ និងត្រៀមកម្លាំង ដើម្បីសម្រួលចរាចរណ៍ ចំណតរថយន្ត សង្រ្គោះបឋម ឡានទឹក បញ្ជាការស្រាល និងកម្លាំងសំរាប់ សំអាតបរិស្ថាន៕