(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញនូវក្តីឈឺចាប់ នៅពេលនឹកដល់បំណុលដែលកម្ពុជា នៅជំពាក់អាមេរិក ក្នុងសម័យដែលដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់ ដោយបំណុលនេះត្រូវបានសម្តេចតេជោ ចាត់ទុកថាជាបំណុលឈាម បំណុលកខ្វក់ ដែលអាមេរិកយកគ្រាប់បែករាប់លានតោនទម្លាក់ សម្លាប់ប្រជាជនកម្ពុជាហើយ ថែមទាំងនៅទារលុយថ្លៃគ្រាប់បែករបស់ពួកគេថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតប្រៀបប្រដូចគ្រាប់បែកទម្លាក់ដោយអាមេរិក លើទឹកដីខ្មែរដូចជាញញួរ ឬពូថៅ ដែលគេយកមកសំពងលើក្បាលប្រជាជនខ្មែរ ហើយនៅពេលញញួរនោះប្រឡាក់ឈាម គេថែមទាំងទារលុយថ្លៃសម្អាតញញួរនោះថែមទៀត ដែលអំពើនេះ ជាអំពើអយុត្តិធម៌ និងឈឺចាប់ជាទីបំផុត។
ការបង្ហាញនូវក្តីឈឺចាប់របស់ប្រមុខដឹកនាំកម្ពុជា ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនបំណុលដែលយើងខ្ចីទេ គឺ លន់ នល់ ជាអ្នកខ្ចី បានសេចក្តីថាទិញគ្រាប់បែក យកមកទម្លាក់នៅប្រទេសរបស់យើង អីចឹងប្រៀបដូចជាយកញញួរមកវាយក្បាលយើង បន្ទាប់ទៅថាប្រឡាក់ញញួរអញ សងលុយឲ្យអញទៀត នេះជាការឈឺចាប់សម្រាប់យើង។ អីចឹងខ្មែរត្រូវជាធ្វើជាម្ចាស់ ទៅលើជោគវាសនារបស់ខ្មែរ មិនត្រូវទោទន់តាមរបៀបបង្ខំរបស់នរណាមួយឡើយ»។
ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាច់ណាត់ថា កម្ពុជាត្រូវតែធ្វើជាម្ចាស់ប្រទេសដោយខ្លួនឯង មិនឲ្យមាននរណាជាអ្នកកំណត់ជោគវាសនា របស់ប្រទេសក្រៅតែពីប្រជាជនកម្ពុជាឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប្រទេសរបស់យើងវាកម្សត់ណាស់ហើយ បទពិសោធន៍គ្រប់គ្រាន់ហើយ កម្ពុជាត្រូវតែធ្វើជាម្ចាស់លើប្រទេសរបស់ខ្លួន។ កម្ពុជាត្រូវការជំនួយពីមិត្តភក្តិ ត្រូវការភាពជាដៃគូជាមួយមិត្តភក្តិ ត្រូវការសហប្រតិបត្តិការជាមួយមិត្តភក្តិ ប៉ុន្តែកត្តាសម្រេចកំណត់គឺប្រជាជនកម្ពុជាខ្លួនឯងតែប៉ុណ្ណោះ គ្មាននរណាស្លាប់ជាមួយយើង ក្រៅពីយើងខ្លួនឯងនោះទេ»។
សូមជម្រាបថា បំណុលដ៏ឈឺចាប់របស់អាមេរិកបន្សល់ទុកឲ្យកម្ពុជា ក្នុងសម័យ លន់ នល់ ត្រូវបានមន្ត្រីជាន់ខ្ពស់ធ្វើការងារក្នុងវិស័យដោះមីន លើកឡើងថា បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ លោក ហេង រតនា ធ្លាប់បានបញ្ជាក់ថា បំណុលនេះបានកើតឡើងពី២៧៤លានដុល្លារ ដល់ជាង៦០០លានដុល្លារទៅហើយ។
លោកបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពិតជារងនូវភាពអយុត្តិធម៌ និងឈឺចាប់ខ្លាំងណាស់ ចំពោះបញ្ហាបំណុល ដែលជំពាក់អាមេរិក ដោយបំណុលនេះ អាមេរិកចេះតែអះអាងថា កើនឡើងជាបន្តបន្ទាប់ ខណៈប្រជាជនកម្ពុជា ស្លាប់ដោយគ្រាប់បែកអាមេរិក ទម្លាក់លើដីខ្មែរ ចេះតែកើនឡើងផងដែរ។
បើតាមស៊ីម៉ាក់ អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ដែលទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង។
គ្រាប់បែកគីមីដែលជាមរតករបស់អាមេរិក បានបន្តគំរាមកំហែងចំពោះអាយុជីវិតរបស់ពលរដ្ឋខ្មែរ ។ គ្រាប់បែកគីមីច្រើនគ្រាប់ ត្រូវបានរកឃើញនៅខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀតដូចជា ខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ ប្រជាពលរដ្ឋជាងច្រើនរយនាក់ត្រូវបានរកឃើញថា បានរងផលប៉ះពាល់បញ្ហាសុខភាព ដោយសារគ្រាប់បែកនេះ ដែលទាមទារមានការដោះស្រាយបន្ទាន់៕