(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសាកសួរអំពីការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់ របស់អតីតបក្សប្រឆាំង ដែលត្រូវតុលាការកាត់ទោសរំលាយ ក្នុងពេលមានជំនួបសម្តែងការគួរសមជាមួយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នៅព្រឹកមិញនេះ។ នេះបើតាមលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
លោក ឈាង វុន បានអះអាងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយនៅរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការបែងចែកអាសនៈរបស់គណបក្សដែលត្រូវកាត់រំលាយ គាត់នៅតែមិនយល់ដោយសារ គាត់បានលើកឡើងដូចជាមានអ្នកដែលប្រឈម ឬក៏ប្រឆាំងជាមួយស្មារតី នៃការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយកន្លងទៅ នៃការបែងចែកអាសនៈអ្នកតំណាងរាស្ត្រ អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោត គឺអ្នកស្រី រ៉ូណា ស្មីត បានលើកឡើងដូចគ្នា ដោយលើកឡើងនូវមាត្រា៧៦ថ្មី ក្នុងច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ»។
ពាក់ព័ន្ធចម្ងល់នេះ លោក ឈាង វុន បានឆ្លើយប្រាប់ទៅអ្នកស្រី រ៉ូណា ស្មីតថា «សូមអ្នកស្រីយល់ពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ខ្ញុំគិតថាមាត្រា៧៦ថ្មី ដោយបានប្រាប់ថា លោកស្រីមិនស្គាល់មាត្រាទាំងអស់នៅក្នុងរដ្ឋធម្មនុញ្ញ នៅកម្ពុជា នោះទេ។ ប៉ុន្តែអ្វីគួរឲ្យកោតសសើរ គឺអ្នកស្រីបានលើកចំមាត្រា៧៦ថ្មីហ្នឹង ខ្ញុំជឿថាមានគេទៅប្រាប់លោកស្រីហើយ លោកស្រីប្រាកដអត់ស្គាល់ទេ»។
លោក ឈាង វុន បានបញ្ជាក់ថា ពាក់ព័ន្ធការកែប្រែច្បាប់កន្លងទៅដូចជា៖ ច្បាប់ព្រហ្មទណ្ឌ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយភាគីកម្ពុជា បានពន្យល់ប្រាប់ទៅអ្នកស្រី រ៉ូណា ស្មីត ថាកែប្រែច្បាប់នេះដើម្បីធ្វើយ៉ាងណាដើម្បីធានាពីសន្តិសុខជាតិ សន្តិភាពនៅកម្ពុជា សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំស្វែករកសន្តិភាពមកជូនកម្ពុជា ដោយលំបាកដូច្នេះហើយយើយត្រូវការពារ។
មន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនេះ បានបញ្ជាក់បន្ថទៀតថា សម្រាប់ការធ្វើវិសោធនកម្មច្បាប់ទាំងនេះ គឺសំដៅទៅដល់ការការពារសន្តិភាព សន្តិភាព ប្រសិនគ្មានសសន្តិភាព មិនចាំបាច់និយាយពីសិទ្ធិមនុស្សនោះទេ។ សួរថាមន្ត្រីសិទ្ធិមនុស្សណាខ្លះហ៊ានទៅនិយាយសិទ្ធិមនុស្សនៅស៊ីរី សិទ្ធិមនុស្សនៅលីបង់ និងប្រទេសផ្សេងៗទៀតនៅមជ្ឈបូព៌ា គឺអត់មានអ្នកណាហ៊ានទៅនិយាយនោះទេអ្នកដែលហ៊ាននិយាយគឺមានតែមកស្រុកខ្មែរទេ ដោយសារស្រុកខ្មែរ មានសុខសន្តិភាព ហើយនោះទេទើបហ៊ានគេនិយាយ។
ទស្សនកិច្ចនេះ នឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ អំឡុងទស្សនកិច្ចនេះ លោកស្រីបានជួបជាមួយនឹង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាច្រើនផងដែរ៕