(ពោធិ៍សាត់)៖ ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែងជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត នឹងជួយជម្រុញការដោះដូរពាណិជ្ជកម្ម កសិផល និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ជាពិសេសផ្តល់ឱកាសឲ្យវិនិយោគិនថៃ មកវិនិយោគនៅក្នុងខេត្ត។
ជាក់ស្តែង បន្ទាប់ពីចាប់ដំណើរការបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរាជទូតចិន កាលពីខែឧសភា ឆ្នាំ២០១៥កន្លងមកនោះ សំណង់ផ្លូវជាតិលេខ៥៥ បានស្ថាបនាជិតរួចរាល់ ប្រមាណជាង៩៥%ហើយ ហើយដែលនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
ការដ្ឋានដែលបាននឹងកំពុងសាងសង់នេះ ត្រូវបានផ្តល់ជំនួយមូលនិធិដោយរដ្ឋាភិបាលចិន តាមរយៈកិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road) ដែលត្រូវចំណាយថវិកាជាង ១០០លានដុល្លារអាមេរិក។ គេរំពឹងទុកថា បន្ទាប់ពីបើកឲ្យដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥ ចំពោះច្រកតំបន់មួយនេះ នឹងពាំនាំសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រជាជនរស់នៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋតាមបណ្តាលខេត្តផងដែរ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ អំពីគម្រោងទាំង៧ ដែលនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងឆ្នាំ២០១៨។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ថែមពីលើសមិទ្ធិផលជាច្រើន ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចជាសាលារៀនរាប់រយខ្នង ទំនប់ដំណាក់អំពិល ទំនប់ចារឹក ផ្សារពោធិ៍សាត់ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់០៤កន្លែង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៊ុន រ៉ានី ហ៊ុនសែន និងផ្លូវកៅស៊ូជាច្រើនខ្សែផ្សេងទៀត៕