(រតនគិរី)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធខេត្តរតនគិរី និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ បានចុះបង្ក្រាប ព្រមទាំងរឹបអូសបានឈើសុក្រំ, ឈើកកោះ និងឈើគគីររាប់សិបដុំ ដែលឈ្មួញលាក់ទុក ក្នុងចំការចន្ទីរ ស្ថិតក្នុងភូមិសាទុក ឃុំប៉យស្រុកអូរជុំ ខេត្តរតនគិរី។

លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នេះថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត កម្លាំងរបស់លោក បានចុះទៅបង្ក្រាបការលួចដឹកជញ្ជូនឈើ ដែលក្រុមឈ្មួញលាក់ទុកនៅទីតាំងមួយនេះ នៅល្ងាចថ្ងៃម្សិលមិញ។

លោកបានបន្តទៀតថា គំនរឈើនេះត្រូវបានកម្លាំងសម្ងាត់ តាមដានជាយូរថ្ងៃមកហើយ ទើបកំណត់បានធ្វើការបង្ក្រាបតែម្តង។ លោកវរសេនីយ៍ទោ ឃី សុខា បានប្រាប់ទៀតថា កម្លាំងអាវុធហត្ថ បានប្រគល់ឈើគគីរ, កកោះ និងសុក្រំមានមុខកាត់ធំៗ ប្រវែងចាប់២ទៅ៤ម៉ែត្រ ជាច្រើនដុំ រួចហើយប្រគល់ជូនខាងខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ចាត់ចែងបន្តតាមច្បាប់ស្តីពីព្រៃឈើ។

យ៉ាងណាក៏ដោយ ចំនួនឈើពិតប្រាកដមិនទាន់ដឹងប៉ុន្មានម៉ែត្រគូបនៅឡើយទេ ព្រោះមិនទាន់វាស់វែង៕