(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ សម្រាប់ពានរង្វាន់ថ្នាក់ខេត្ត នឹងបន្ដការប្រកួតវគ្គជម្រុះសប្ដាហ៍ទី២ នៅថ្ងៃទី១៤ ខែមីនាស្អែកនេះហើយ ដោយមាន ៩ប្រកួត ខណៈ ១ប្រកួតត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិដូចសប្ដាហ៍មុនដែរ គឺជំនួបរវាងក្រុមស៊ីម៉ាក់អែហ្វស៊ី និងក្រុមខេត្តឧត្តរមានជ័យ ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News។
ចំពោះលទ្ធផលបណ្ដោះអាសន្នពេលនេះ មានក្រុមចំនួន៨ កំពុងកាន់ ៣ពិន្ទុក្នុងដៃ រួមមានក្រុមស៊ីម៉ាក់, យុវជនក្រសួងការពារជាតិ, ខេត្តកំពត, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម និងខេត្តប៉ៃលិន ហើយក្នុងចំណោមក្រុមទាំងនេះ លើកលែងតែក្រុមជម្រើសខេត្តប៉ៃលិន១ប៉ុណ្ណោះ នឹងមានវត្តមានក្នុងកម្មវិធីប្រកួតវគ្គជម្រុះពានរង្វាន់ថ្នាក់ខេត្ត នៅថ្ងៃស្អែក ដើម្បីស្វែងរកពិន្ទុបន្ថែម ខណៈក្រុមត្រៀមប្រកួតលើកដំបូង គឺមានក្រុមគិរីវង់សុខសែនជ័យ និងក្រុមជម្រើសខេត្តកោះកុង។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តមណ្ឌលគិរី បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិហើយ បន្ទាប់ពីក្រុមស្ថិតក្នុងពូល C ចំនួន ៣ក្រុមទៀត បានប្រកាសដកខ្លួន រួមមានក្រុមខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តរតនៈគិរី។ ចំណែកពូល A ក៏មានក្រុមដកខ្លួន ១ក្រុមដែរ គឺខេត្តពោធិ៍សាត់ ស្រពេលពូល B ខេត្តស្វាយរៀងបានដកខ្លួនដូចគ្នា។
សរុបមកការប្រកួតនៅសល់ ៤ពូល គឺពូល A, B, D និងពូល E ដោយមាន ២២ក្រុមចូលរួម ដើម្បីប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយ ក្នុងពានថ្នាក់ខេត្ត នៃយុទ្ធនាការពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨។
ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖