(ក្រចេះ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា មនុស្សចំនួន៨នាក់ ដែលត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធព្រឹត្តិការណ៍ផ្ទុះហិង្សាដ៏ខ្លាំងមួយ ជាមួយក្រុមសមត្ថកិច្ច នៅឃុំ២ធ្នូ ស្រុកស្នួល កាលពីប៉ុន្មានថ្ងៃនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។
លោក កែវ សុជាតិ បានបញ្ជាក់ថា «ពួកគេទាំង៨នាក់ ត្រូវបានតុលាការដោះលែងទៅវិញហើយ បន្ទាប់ពីកិច្ចសន្យាមួយចំនួន និងត្រូវចូលមកបង្ហាញខ្លួន នៅពេលតុលាការកោះហៅ។ ពួកគេត្រូវបានដោះលែងមែន តែត្រូវស្តិតក្រោមការត្រួតពិនិត្យរបស់តុលាការ»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានអំពើហិង្សាមួយ បានផ្ទុះឡើងរវាងអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច ព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦។ ការដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវ បានកើតឡើងបន្ទាប់ពី សមត្ថកិច្ចចម្រុះ ចុះទៅរុះរើសំណង់តូចៗរបស់ពួកគាត់ដែលសង់ខុសច្បាប់ ស្ថិតនៅក្នុងក្រុមហ៊ុន ចំការកៅស៊ូមេមត់។
ការប៉ះទង្គិចនេះ ត្រូវបានផ្សព្វផ្សាយបំប៉ោងដោយវិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ថា មានអ្នកស្លាប់រហូតដល់ទៅ៦នាក់ និងរបួសរហូតដល់ទៅ៤០នាក់ផងដែរ។ ការផ្សព្វផ្សាយបំភ្លៃ និងបំប៉ោងខុសពីការពិតនេះ ក៏ត្រូវបានអាជ្ញាធរ, សមត្ថកិច្ច និងតុលាការ ចេញមកច្រានចោលភ្លាមៗ ខណៈដែលការប៉ះទង្គិចនេះ គ្មានអ្នកស្លាប់នោះឡើយ មានតែអ្នករងរបួស៩នាក់ប៉ុណ្ណោះ ២នាក់ជាប្រជាពលរដ្ឋ ៧នាក់ជាកម្លាំងសមត្ថកិច្ច។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានចាត់ឲ្យក្រុមការងារចម្រុះមួយបើកការស៊ើបអង្កេតបន្ថែម លើកករណីហិង្សានេះផងដែរ បើទោះបីជាសម្ដេច ទទួលបានរបាយការណ៍បឋមមួយចំនួនក៏ដោយនោះ៕