ប្រធានគណបក្សយុវជន ប្រកាសអនុវត្តតាមពាក្យសន្យាភ្លាម «អុជធូប១ឆ្នាំ» នៅពេលឧកញ៉ា ឌួង ឆាយ ដកពាក្យបណ្តឹងលើយុវតីដែលជាប់ចោទរឿងប្រើហិង្សាលើកូន
13-03-2018 10:04
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះថា លោកនឹងអនុវត្តតាមពាក្យដែលលោកធ្លាប់សន្យាដោយអុចធូបរយៈពេល១ឆ្នាំ នៅពេលដែលតុលាការដោះលែងយុវតីម្នាក់ដែលប្រើអំពើហិង្សាលើកូនប្រុសរបស់ឧកញ៉ា ឌួង ឆាយ ក្រោយពេលឧកញ៉ារូបនេះ ប្រកាសយល់ព្រមដកពាក្យបណ្តឹង។
លោក ពេជ្រ ស្រស់ នាពេលកន្លងទៅ ធ្លាប់បានសន្យាថា ខ្លួនសុខចិត្តអុជធូបបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង១ថ្ងៃ១ដងពេញ១ឆ្នាំ ដើម្បីបន់ស្រន់ឱ្យកូនឧកញ៉ា ឌួង ឆាយ ជាសះពីជំងឺ បើឧកញ៉ាវ័យក្មេងនេះ ព្រមដកពាក្យបណ្តឹងដែលបានប្តឹងលើយុវតីម្នាក់ឈ្មោះ អ៊ុ សុផាន់ណា អាយុ២៣ឆ្នាំ ដែលជាអ្នកបម្រើរបស់ខ្លួន និងតុលាការដោះលែងយុវតីនេះ ឱ្យមានសេរីភាពឡើងវិញ។ ក្រោយពេលអះអាងនេះ នាពេលថ្មីៗ លោកឧកញ៉ា ឌួង ឆាយ បានចេញវីដេអូមួយប្រកាសដកពាក្យបណ្តឹងលើក្មេងស្រី អ៊ុ សុផាន់ណា ផងដែរ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន បានអះអាងយ៉ាងដូច្នេះថា «ខ្ញុំ ពេជ្រ ស្រស់ សូមអបអរសាទរ ចំពោះលោកឧកញ្ញា ឌួង ឆាយ ដែលបានបំពេញនូវទានបារមី ដែលជាទានកើតឡើងដោយកម្រ ដោយលោកឧកញ្ញា បានប្រកាសដកពាក្យបណ្តឹងដែលប្តឹងកូនឈ្នួលរបស់លោកឧកញ្ញា ហើយលោកឧកញ្ញាក៏មានគម្រោងស្នើដល់តុលាការឲ្យលើកលែងទោសដល់នាងទៀតផង»។
លោកបានបន្តថា «ខ្ញុំ ពេជ្រ ស្រស់ ក៏មិនភ្លេចពាក្យសន្យារបស់ខ្លួនផងដែរ ដោយខ្ញុំនឹងអុជធូបមួយថ្ងៃ១ដងឲ្យគ្រប់១ឆ្នាំ ដើម្បីបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោកឲ្យជួយតាមថែរក្សាដល់កូនលោកឧកញ្ញាទាំងពីរ ឲ្យមានសេចក្តីសុខ និងសុខភាពល្អបរិបូណ៌ពេញមួយជីវិត ហើយខ្ញុំ ពេជ្រ ស្រស់ នឹងអនុវត្តនូវពាក្យសន្យារបស់ខ្ញុំ នៅពេលតុលាការសម្រេចដោះលែង កូនឈ្នួលរបស់លោកឧកញ្ញាជាស្ថាពរ»។
សូមបញ្ជាក់ថា យុវតី អ៊ុ សុផាន់ណា អាយុ២៣ឆ្នាំ នាពេលកន្លងទៅ ត្រូវបានឧកញ៉ា ឌួង ឆាយ ចោទប្រកាន់ថា បានក្តិចប្រដាប់ភេទកូនប្រុសរបស់លោក បណ្តាលឱ្យហើមខុសប្រក្រតី នៅពេលដែលឧកញ៉ា ឱ្យនាងមើលថែកុមារា។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននារីបម្រើម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ៕